(រញ្ជួយ​ដី​នៅ​តួ​ក​គី) – ក្មេង​ជំទង់​ថត​វីដេអូ​ផ្ដាំផ្ញើ​ចុងក្រោយ ពេល​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក

ក្នុងពេល​ជាប់​នៅ​ខាង​ក្រោមផ្ទះ​ដែល​បាន​បាក់​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី Taha Erdem អាយុ 17 ឆ្នាំ បាន​ថត​វីដេអូ​ផ្ដាំផ្ញើ​ពាក្យសម្ដី​ចុងក្រោយ និយាយ​អំពី​ការ​ស្ដាយក្រោយ និង​កិច្ច​ការដែល​នឹងធ្វើ បើសិនជា​នៅមាន​ជីវិត។

Taha Erdem និង​ក្រុមគ្រួសារ​កំពុង​គេង​លក់​ពេល​រញ្ជួយ​ដី​កម្លាំង 7.8 រិច​ទ័​រ​កើតឡើង​នៅក្នុង​ទីក្រុង Adiyaman កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី 06 កុម្ភៈ 2023។

Taha Erdem បាន​ភ្ញាក់​ដឹងខ្លួន​ព្រោះតែ​រញ្ជួយ​ដី។ ក្នុង​រង្វង់ 10 វិនាទី អគារ​កម្ពស់ 4 ជាន់​ក៏បាន​បាក់​រលំ​សង្កត់​លើ Taha រួមទាំង​ម្ដាយ ឪពុក និង​ប្អូនប្រុស ប្អូនស្រី​របស់គាត់។ ពេល​ត្រូវ​ជាប់​ក្រោម​ថ្ម និង​ដែក និង​មិនឃើញ​ឪពុកម្ដាយ Taha ក៏​យក​ទូរស័ព្ទ​ថត​វីដេអូ​ដើម្បី​ផ្ដាំផ្ញើ​ពាក្យសម្ដី​ចុងក្រោយ ដោយ​សង្ឃឹមថា មាន​គេ​រកឃើញ​នៅពេល​គាត់​បាន​ស្លាប់។

«ខ្ញុំ​គិតថា នេះ​គឺជា​វីដេអូ​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ថត» Taha និយាយ​ពេល​កំពុង​ស្ថិតក្នុង​គំនរ​បាក់បែក ខណៈ​គ្រោះ​រញ្ជួយ​ដី​នៅតែ​កើតឡើង។

Taha Erdem និង​ឪពុក​ម្ដាយ​ ក្រោយ​ពី​ត្រូវបាន​ជួយ​សង្គ្រោះ​

Taha រៀបរាប់​អំពី​របួស​របស់គាត់ និង​វិប្បដិសារី ក៏ដូចជា​ប្រការ​ដែល​គាត់​ចង់​ធ្វើ បើសិនជា​នៅមាន​ជីវិត។ ក្នុង​វីដេអូ​នេះ​ក៏មាន​សំឡេង​ស្រែក​របស់​ជនរងគ្រោះ​ដទៃទៀត​ដែរ។

«ខ្ញុំ​នៅមាន​ការសោកស្ដាយ​ជាច្រើន​ប្រការ។ សូម​ព្រះ​អម្ចាស់​លើកលែងទោស​ដល់​ខ្ញុំ… នៅតែមាន​រញ្ជួយ​ដី។ មិនមែន​ដៃ​ខ្ញុំ​ញ័រ​ទេ ប៉ុន្តែ​វា​ជា​រញ្ជួយ​ដី» Taha បន្ថែម។ Taha គិតថា សមាជិក​ទាំងអស់​រប​ស់​គ្រួសារ​គាត់​បាន​ស្លាប់ ហើយ​គាត់​នឹង​បាន​ទៅ​ជួប​ពួកគេឆាប់ៗនេះ។

ក៏ប៉ុន្តែ Taha គឺជា​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​ត្រូវបាន​សង្គ្រោះដំបូង។ Taha ត្រូវបាន​អ្នកភូមិ​ទាញ​ចេញពី​គំនរ​បាក់បែក​ក្រោយពី​បាន​ជាប់​ប្រហែល​ពីរ​ម៉ោង។ ប្រហែល 10 ម៉ោង​ក្រោយពី​មាន​គ្រោះ​រញ្ជួយ​ដី ឪពុកម្ដាយ និង​ប្អូន​ពីរ​នាក់​របស់ Taha ក៏​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកភូមិ។

គិត​មកដល់​វេលា​ម៉ោង 10 ថ្ងៃទី 20 កុម្ភៈ ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី កាលពី​ថ្ងៃទី 06 កុម្ភៈ បាន​កើន​ឡើងដល់​ជាង 46,000 នាក់៕

Leave a Comment