អាម៉េរិក​ព្រមាន​អំពី «បន្ទាត់​ក្រហម» បើសិន​ចិន​ផ្ដល់​អាវុធ​ឱ្យ​រុស្ស៊ី

ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការសហប្រជាជាតិ Thomas-Greenfield បាន​ព្រមាន​ថា ចិន​នឹង​ឆ្លង «បន្ទាត់​ក្រហម» បើសិន​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី​ប្រើប្រាស់​នៅ​អ៊ុយ​ក្រែ​ន។

«យើង​ត្រូវតែ​យល់ច្បាស់​ថា បើសិន​ចិន ឬ​ប្រទេស​ណាមួយ​មានគំនិត បំណង​ផ្ដល់​អាវុធ​ឱ្យកម្លាំង​រុស្ស៊ី​ប្រើប្រាស់​នៅ​សមរភូមិ​អ៊ុយ​ក្រែ​ន នោះ​គឺជា​ប្រការ​ដែល​មិនអាច​ទទួលយកបាន។ នោះ​គឺជា​បន្ទាត់​ក្រហម» អគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការសហប្រជាជាតិ Thomas-Greenfield បាន​ប្រាប់ CNN កាលពី​ថ្ងៃទី 19 កុម្ភៈ​ដូច្នេះ។

នៅពេល​ត្រូវបាន​សួរថា ចិន​នឹងត្រូវ​ទទួលរង​ផលវិបាក​អ្វីខ្លះ បើសិន​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី លោកស្រី Thomas-Greenfield ថ្លែងថា វ៉ា​ស៊ី​ង​តោន​មិន​ប្រកាស​មុន​អំពី​ផែនការ ប៉ុន្តែ​បាន​ជូនដំណឹង​ដល់ទី​ក្រុង​ប៉េកាំង​រួចហើយ។

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken មុន​នោះ​ក៏បាន​ឱ្យដឹងថា ចិន​ទំនងជា​កំពុង​ពិនិត្យ​លទ្ធភាព​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី​ប្រើប្រាស់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ លោក Antony ក៏បាន​ព្រមាន​ចិន​ថា រាល់​ឥរិយាបថ​ផ្ដល់​អាវុធ​ទៅឱ្យ​មូ​ស្គូ គឺ​សុទ្ធតែ​នឹង «បង្កបញ្ហា​ធ្ងន់ធ្ងរ»។

ចិន​មិនទាន់​ប្រតិកម្ម​ចំពោះ​មតិ​របស់​អាម៉េរិក ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​អះអាង​ជាច្រើនលើក​មកហើយ​ថា ខ្លួន​ចង់​ជួយ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី។

ចិន​គឺជា​ខឿនសេដ្ឋកិច្ច​ធំជាងគេ​មួយ​លើ​ពិភពលោក​ដែលមាន​ទំនាក់ទំនង​ស្និទ្ធស្នាល​នឹង​រុស្ស៊ី ហើយ​ជា​ប្រទេស​ដែល​មិន​ដាក់ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ ទាក់ទិន​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។

ប្រទេស​លោកខាងលិច​ជាច្រើន​បានដាក់​សម្ពាធ​ដើម្បីឱ្យ​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន ជំ​រុញឱ្យ​រុស្ស៊ី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ ទីក្រុង​ប៉េកាំង​គាំទ្រ​ដំណោះស្រាយ​សន្តិភាព​សម្រាប់​សង្គ្រាម​នេះ ប៉ុន្តែ​ក៏បាន​អះអាង​ជាច្រើនលើក​អំពី​ទំនាក់ទំនង​ល្អជា​មួយ​មូ​ស្គូ និង​មានបំណង​លើកកម្ពស់​ទំនាក់ទំនង​នេះ​ឱ្យ​ឡើងដល់​ចំណុច​ខ្ពស់​ថ្មី​មួយ​ថែមទៀត​ផងដែរ៕

Leave a Comment