ក្លឹបបាឡុងហោះមួយនៅ Illinois សហរដ្ឋអាម៉េរិក ប្រកាសថា បានបាត់បាឡុងមួយនៅ Alaska ក្នុងថ្ងៃដែលយន្តហោះចម្បាំងអាម៉េរិកបានបាញ់ទម្លាក់វត្ថុហោះហើរចម្លែកនៅក្បែរតំបន់នេះ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា មានទំនាក់ទំនងជាមួយគ្នា ឬអត់នៅឡើយ។
សារព័ត៌មានអាម៉េរិក និងអង់គ្លេស នៅថ្ងៃទី 18 កុម្ភៈនេះបានរាយការណ៍ថា សមាគមបាឡុងហោះ Bottlecap នៅរដ្ឋ Illinois ភាគខាងជើង (NIBBB) បានប្រកាសថា ក្លឹបនេះបានបាត់សញ្ញាបាឡុងហោះ Pico មួយសប្ដាហ៍មុននោះ។ លើកចុងក្រោយដែលបាឡុង Pico បញ្ជូនសញ្ញាគឺនៅព្រឹកព្រលឹមថ្ងៃទី 11 កុម្ភៈ ពេលដែលវាស្ថិតនៅក្បែរកោះតូចមួយនៅឆ្នេរសមុទ្រភាពខាងលិចរបស់ Alaska។
ក្នុងថ្ងៃទី NIBBB បាត់ដានបាឡុងហោះ Pico យន្តហោះចម្បាំងអាម៉េរិក F-22 បានបាញ់ទម្លាក់វត្ថុហោះហើរលើអាកាសមិនស្គាល់អត្តសញ្ញាណនៅលើតំបន់ Yukon របស់កាណាដា ដែលជាប់នឹងរដ្ឋ Alaska របស់អាម៉េរិក។ NIBBB មិនបានភ្ជាប់ហេតុការណ៍ទាំងពីរនេះជាមួយគ្នានោះទេ។ ក្រុមមន្ត្រីអាម៉េរិកក៏មិនទាន់មានប្រតិកម្មអ្វីនៅឡើយចំពោះព័ត៌មាននេះ។
បាឡុងហោះ Pico មានបំពាក់ម៉ាស៊ីនបញ្ជូនរលកសញ្ញាខ្នាតតូចតម្លៃប្រហែល 12 ដុល្លារ និងអាចហោះដល់កម្ពស់ប្រហែល 14,300 ម៉ែត្រ។ Pico បានហោះក្នុងរយៈពេលជាង 4 ខែ មុនពេល NIBBB បាត់ដាន។
កងទ័ពអាម៉េរិក កាលពីថ្ងៃទី 10-12 កុម្ភៈ បានបាញ់ទម្លាប់បាឡុងហោះចំនួន 3 គ្រឿងជាបន្តបន្ទាប់។ ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃទី 16 កុម្ភៈ បាននិយាយថា វត្ថុហោះហើរទាំង 3 នេះអាចជាប់ទាក់ទងនឹងបណ្ដាក្រុមហ៊ុនឯកជន ក្រុមកំសាន្ត ឬក្រុមស្រាវជ្រាវ។
បាឡុងហោះ ឬវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណកំពុងក្លាយជាប្រធានបទសំខាន់ដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីករណីបាឡុងហោះរបស់ចិនដែលធ្វើសកម្មភាពលើដែនអាកាសអាម៉េរិក 7 ថ្ងៃ និងត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី 04 កុម្ភៈ។ អាម៉េរិកនិយាយថា នេះគឺជាឧបករណ៍ឈ្លបយកការណ៍ ប៉ុន្តែចិននិយាយថា នេះគឺជាបាឡុងស្រាវជ្រាវអាកាសធាតុរបស់ខ្លួនដែលបានវង្វេងទិស។
អគ្គលេខាធិការនៃអង្គការណាតូ Jens Stoltenberg ក្នុងសប្ដាហ៍នេះបានព្រមានថា ចិន និងរុស្ស៊ី កំពុងបង្កើនសកម្មភាពចារកម្ម និងតាមដាន ក្នុងនោះក៏មានការប្រើប្រាស់បាឡុងហោះផងដែរ៕