វីដេអូ​ស្ដីពី​សាកសព​កប៉ាល់ Titanic ដែល​មិន​ធ្លាប់​ត្រូវបាន​បញ្ចេញក្នុង​អំឡុង 100 ឆ្នាំ​កន្លង

វីដេអូ​បង្ហាញ​ពី​សាកសព​កប៉ាល់ Titanic ដែល​ស្ថិតនៅ​បាតសមុទ្រ​អា​ត្ល​ង់​ទិច ត្រូវបាន​ចែករំលែក​ជា​សាធារណៈកាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយពី​ជាង​មួយ​សតវត្សរ៍​ដែល​កប៉ាល់​នេះ​បាន​លិច​ដោយសារ​បុក​នឹង​ភ្នំ​ទឹកកក។

ប៉ុន្មាន​ខែក្រោយ​ពី​ក្រុម​អ្នក​មុជ​ទឹកបាន​រកឃើញ​សាកសព​កប៉ាល់ Titanic កាលពី​ឆ្នាំ 1985 ទិដ្ឋភាព​ស្ដីពី​សាកសព​កប៉ាល់​នេះ​ក៏​ត្រូវបាន​ផ្ដិត​យក​ជា​ទម្រង់​វីដេអូ ដោយ​វិទ្យាស្ថាន​សាគរវិទ្យា Woods Hole (WHOI) ក្នុងនោះ ក្បាល​កប៉ាល់ ជាន់របស់​កប៉ាល់ និង​ឧបករណ៍​នានា​របស់​កប៉ាល់ ​ត្រូវបាន​បង្ហាញ​ច្បាស់​ជាងគេ។ ភាគច្រើន​នៃ​វីដេអូ 80 នាទី ដែល​ថត​ក្នុង​ជម្រៅជាង 3 គីឡូម៉ែត្រ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នេះ​ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​ក្នុងអំឡុង​មួយ​ទសវត្សរ៍​កន្លង។ ក្នុង​វីដេអូ​ដែល​ទើប​ត្រូវបាន​ចែករំលែក​ឱ្យឃើញថ្មីៗនេះ បានបង្ហាញ​ពី​របស់របរ​ខាងក្នុងកប៉ាល់ ក៏ដូចជា​មច្ឆជាតិ​ក្នុង​សមុទ្រ​ដែល​កំពុង​ហែលក្បែរៗនោះ។

យោងតាម CNN បើទោះជា​សមត្ថកិច្ច​បាន​ធ្វើការ​ស្វែងរក​បន្ទាប់​ពី​ដឹងថា កប៉ាល់ Titanic បាន​លិច ប៉ុន្តែ រហូតដល់​ខែកញ្ញា 1985 ទើប​ក្រុម​អ្នកស្វែងរក​ដែល​ដឹកនាំ​ដោយ Robert Ballard សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​បារាំង IFEMER រកឃើញ​សាកសព​កប៉ាល់នេះ។ ឆ្នាំ 1985 WHOI បាន​អភិវឌ្ឍ​បច្ចេកទេស​ថត​វីដេអូ​ថ្មី និង​ផ្ដិត​យក​ទិដ្ឋភាព​ដំបូង​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ជាង 3,780 ម៉ែត្រ។

ឆ្នាំ 1986 WHOI ក៏​បញ្ជូន​មនុស្ស​មួយក្រុម​ដំបូង​ទៅកាន់​ទីតាំង​របស់​សាកសព​កប៉ាល់ ដោយ​ប្រើ​នាវាមុជទឹក​ចំនួន 3 គ្រឿង។ វីដេអូ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 16 កុម្ភៈ 2023 បានបង្ហាញ​អំពី​ដំណើរ​ផ្សងព្រេង​កាលពី​ឆ្នាំ 1986 របស់​ក្រុម WHOI។ នេះ​គឺជា​ការ​ផ្សេង​ព្រេង​លើកដំបូង​របស់​មនុស្ស​ដែល​បាន​ចុះទៅ​មើល​សាកសព​​កប៉ាល់​ដែល​បាន​លិច​កាលពី​ឆ្នាំ 1912។

Titanic ត្រូវបាន​គេ​ជឿថា​ជា​កប៉ាល់​ដែល​នឹងមិន​អាច​លិច នៅពេល​ត្រូវបាន​សាងសង់។ វា​ជា​កប៉ាល់​ដឹក​ភ្ញៀវ​ធំ​បំផុត​លើ​ពិភពលោក​ក្នុងសម័យ​នោះ។ Titanic បាន​បុក​នឹង​ភ្នំ​ទឹកកក​អណ្ដែត​កាលពី​ថ្ងៃទី 14 មេសា 1912 នៅលើ​សមុទ្រ​អា​ត្ល​ង់​ទិច ក្នុងការ​ធ្វើដំណើរ​លើក​ដំបូង​ពី Southampton អង់គ្លេស ទៅកាន់ New York សហរដ្ឋ​អាម៉េរិក។ មនុស្ស​ជាង 1,500 នាក់​បាន​ស្លាប់​ក្នុងករណី​លិច​កប៉ាល់​នេះ។

ក្រុម​របស់ WHOI រកឃើញថា កប៉ាល់ Titanic បាន​បាក់​ជា​ពីរ​កំណាត់​ និង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Newfoundland របស់​កាណាដា​ កាលពី​ថ្ងៃទី 01 កញ្ញា 1985។

វីដេអូ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 16 កុម្ភៈ 2023

WHOI ប្រកាស​បង្ហាញ​វីដេអូ​ពិសេស​ថ្មី​នេះ​នៅក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​ដែល​ខ្សែភាពយន្ត Titanic របស់លោក James Cameron បានទទួល​ពានរង្វាន់។ ខ្សែភាពយន្ត​នេះ​ទទួលបាន​ពាន Oscar ចំនួន 11 ក្នុងនោះ​ក៏មាន​ពានរង្វាន់​ខ្សែភាពយន្ត​ល្អមើល​បំផុត​ផងដែរ៕

Leave a Comment