អា​រ៉ា​ប៊ី​សា​អូឌីត វិនិយោគ​​ប្រាក់​ជាង 266 ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ថាមពល​ស្អាត

អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត ប្ដេជ្ញាចិត្ត​ជំរុញ​ការផលិត​ឥន្ធនៈ​អ៊ីដ្រូសែន និង​ពង្រីក​បណ្ដាញ​អគ្គិសនី​បៃតង​ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន។

«យើង​ប្ដេជ្ញា​ក្លាយជា​អ្នក​នាំចេញ​អ៊ីដ្រូសែន​ធំជាងគេ​មួយ ក៏ដូចជា​ផ្គត់ផ្គង់​អ៊ីដ្រូសែន​ស្អាត​ក្នុងស្រុក​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់​ដើម្បី​បង្កើត​ផលិតផល​បៃតង មាន​ជាអាទិ៍ ដែកថែប​បៃតង អា​លុយ​មី​ញូ​ម​បៃតង ជី​សម្រាប់​ដំណាំ និង​បណ្ដា​ផលិតផល​​ដទៃទៀត​ក្នុងតម្លៃ​សមរម្យ» ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ត្រីក្រសួង​ថាមពល​អា​រ៉ា​ប៊ី​សា​អូឌីត ថ្លែង​កាលពី​ថ្ងៃទី 30 មករា នៅក្នុង​វេទិកា IKTVA នៅ Dhahran ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ប្រេង Aramco។

ព្រះអង្គម្ចាស់ Salman ក៏បាន​ឱ្យដឹងថា ខ្ទង់​ប្រាក់​វិនិយោគ​តម្លៃ​ជាង 1 ទ្រី​លាន​រី​យ៉ា​ល់ (266.4 ពាន់​លាន​ដុល្លារ​អាម៉េរិក) ក៏ត្រូវ​បាន​ចំណាយ​ក្នុង​បំណង​ពង្រីក និង​ធ្វើ​ទំនើបកម្ម​បណ្ដាញ​ចែកចាយ​អគ្គិសនី ហើយ​ចុងក្រោយ​អាច​នាំ​ចេញទៅ​បរទេស។

អា​រ៉ា​ប៊ី​សា​អូឌីត​ក៏បាន​កំណត់​គោលដៅ​បង្កើន​ឱ្យបាន​ទ្វេដង​នូវ​ដំណោះស្រាយ​ប្រមូលយក​កាបូន​ផងដែរ។ «យើង​នឹងមិន​សាងសង់​រោងចក្រ​អគ្គិសនី​ថ្មី​ដែល​មិនមាន​ប្រព័ន្ធ​ប្រមូលយក​កាបូននៅ​អនាគត»។

បើទោះជា​បានកំណត់​គោលដៅ​បំ​ភាយ​ឧស្ម័ន​កាបូន​ស្មើនឹង​សូន្យ​នៅ​ឆ្នាំ 2060 ប៉ុន្តែ អា​រ៉ា​ប៊ី​សា​អូឌីត នៅតែ​ពឹងផ្អែក​ច្រើន​ទៅលើ​ការនាំចេញ​ប្រេង​ឆៅ ដែល​បាន​ជួយ​ឱ្យ​ប្រទេស​នេះ​រីកចម្រើន​អស់​ជាច្រើន​ទសវត្សរ៍ ធ្វើឱ្យមាន​ការមន្ទិលសង្ស័យ​ទាក់ទង​នឹង​សក្ដានុពល​ក្នុងការ​ស្ថាបនា​ឡើងវិញ​នូវ​ខឿនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក្នុង​ពេលខាងមុខ។

តម្លៃ​ប្រេង​ឆៅ​ដែល​កើនឡើង​ខ្ពស់​ខ្លាំង​ដោយសារតែ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បានអនុញ្ញាត​ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត សម្រេចបាន​អតិរេក​​ថវិកាជាតិ​ជា​លើកដំបូង​ក្នុងអំឡុង 9 ឆ្នាំ កាលពី​ឆ្នាំ 2022 និង​បាន​នាំមក​នូវ​អំណាច​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​នេះ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ៕

Leave a Comment