ទាហានរុស្ស៊ីអាចទទួលបានប្រាក់ឡើងដល់ 43,000 ដុល្លារអាម៉េរិក បើសិនដណ្ដើមបានរថក្រោះ Leopard មួយគ្រឿងដែលនៅដំណើរការបាន ពីសត្រូវនៅលើទឹកដីអ៊ុយក្រែន។
លោក Alexander Osipov អភិបាលខេត្ត Zabaikalsky នៅភាគខាងកើតប្រទេសរុស្ស៊ី បានសន្យាផ្ដល់រង្វាន់ដល់បណ្ដាទាហានរបស់ខេត្តនេះ បើសិនពួកគេដណ្ដើមបាន ឬកម្ទេចបានរថក្រោះរបស់ណាតូនៅអ៊ុយក្រែន។ ប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឯកជនមួយរបស់រុស្ស៊ី ក៏បានសន្យាផ្ដល់ប្រាក់រង្វាន់ដូចគ្នានេះដល់អ្នកទាំងឡាយណាដែលដណ្ដើមបានរថក្រោះដែលផលិតដោយលោកខាងលិច។
អភិបាលខេត្តខាងលើប្រកាសថា អ្នកទាំងឡាយណាដែលដណ្ដើមបានរថក្រោះ Leopard មួយគ្រឿងដែលនៅដំណើរការបាន អាចទទួលបានប្រាក់រង្វាន់ 3 លានរូប្លរុស្ស៊ី (42,909 ដុល្លារអាម៉េរិក)។ ប្រាក់រង្វាន់ 14,303 ដុល្លារអាម៉េរិក នឹងត្រូវបានប្រគល់ឱ្យអ្នកដែលបានកម្ទេចរថក្រោះមួយគ្រឿងរបស់អាល្លឺម៉ង់នៅអ៊ុយក្រែន។ ចំណែកអ្នកដែលជួយដណ្ដើមបានជោគជ័យនឹងទទួលបាន 7,150 ដុល្លារអាម៉េរិក ហើយអ្នកជួយកម្ទេចរថក្រោះ Leopard បានមួយគ្រឿងនឹងទទួលបាន 2,240 ដុល្លារអាម៉េរិក។
ប្រាក់រង្វាន់ 21,450 ដុល្លារអាម៉េរិក នឹងត្រូវបានប្រគល់ឱ្យអ្នកណាដែលដណ្ដើមបានរថក្រោះអាម៉េរិក M1 Abrams មួយគ្រឿង បើសិនកម្ទេចបានរថក្រោះនេះនឹងទទួលបាន 7,150 ដុល្លារ។
លោក Osipov បញ្ជាក់ថា ទាហានដែលកំពុងរកវិធីដើម្បីកម្ទេច ឬដណ្ដើមរថក្រោះរបស់បស្ចិមលោកនៅអ៊ុយក្រែន ដំបូងបង្អស់ត្រូវតែធ្វើសកម្មភាពដើម្បី «ការពារអាយុជីវិត និងសុខភាពផ្ទាល់ខ្លួន»។
កាលពីសប្ដាហ៍កន្លងទៅ អាល្លឺម៉ង់ បានប្រកាសថា នឹងផ្ដល់ឱ្យទីក្រុងកៀវនូវរថក្រោះ Leopard 2 ចំនួន 14 គ្រឿង និងអនុញ្ញាតឱ្យបណ្ដាប្រទេសនៅអឺរ៉ុប នាំចេញរថក្រោះនេះទៅកាន់អ៊ុយក្រែន។ នាយករដ្ឋមន្ត្រី Olaf Scholz ប្រកាសថា អាល្លឺម៉ង់ និងដៃគូសហការកំពុងរកវិធីដើម្បីផ្គត់ផ្គង់រថក្រោះ Leopard 112 គ្រឿងទៅឱ្យអ៊ុយក្រែន។
ចំណែកសហរដ្ឋអាម៉េរិកវិញ ក៏បានសន្យាផ្ដល់រថក្រោះ Abrams ចំនួន 31 គ្រឿងដល់ទីក្រុងកៀវ ប៉ុន្តែរថក្រោះទាំងនេះត្រូវបានគេជឿថា នឹងមិនអាចបញ្ជូនទៅកាន់សមរភូមិបានឡើយ រហូតដល់ចុងឆ្នាំនេះ។
រុស្ស៊ីអះអាងថា ការផ្ដល់អាវុធទៅឱ្យអ៊ុយក្រែន បង្ហាញថា ណាតូ កំពុងចូលរួមប្រយុទ្ធ ហើយថា ប្រការនេះនឹងធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយកាន់តែយូរ៕