ក្រុមមន្ត្រីរុស្ស៊ីនៅឧបទ្វីបគ្រីមៀ (Crimea) និយាយថា ហែកឃើរ (Hacker) បានធ្វើឱ្យមានភាពរអាក់រអួល និងបញ្ចូលសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន ទៅក្នុងរលកទូរទស្សន៍ដែលផ្សាយក្នុងតំបន់នេះ។
ទូរទស្សនិកជនដែលបានតាមដានទូរទស្សន៍នៅឧបទ្វីបគ្រីមៀ កាលពីថ្ងៃទី 25 មករា បានរាយការណ៍ថា កម្មវិធីដែលពួកគេកំពុងមើល ស្រាប់តែត្រូវដាច់ និងជំនួសដោយសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ក្នុងរយៈពេលប្រហែល 1 នាទី មុនពេលបញ្ហាត្រូវបានដោះស្រាយ។
ក្រុមមន្ត្រីនៅឧបទ្វីបគ្រីមៀ ចោទថា ហែកឃើរបានវាយប្រហារលើរលកទូរទស្សន៍ក្នុងតំបន់នេះ និងទម្លាក់កំហុសទៅលើស្ថាប័នចារកម្មរបស់អ៊ុយក្រែន។
រុស្ស៊ីបានរឹបអូសយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែន ក្រោយការធ្វើប្រជាមតិក្នុងឆ្នាំ 2014។ សហរដ្ឋអាម៉េរិក អឺរ៉ុប និងអ៊ុយក្រែនបានហៅសកម្មភាពរបស់រុស្ស៊ីថាជាអំពើរំលោភច្បាប់។ ទីក្រុងកៀវបានប្រកាសជាច្រើនដងថា នឹងរំដោះឧបទ្វីបគ្រីមៀឱ្យបាន។
ក្រៅពីគ្រីមៀ ហេតុការណ៍ហែកឃើរវាយប្រហារទូរទស្សន៍ក៏បានកើតឡើងនៅក្នុងខេត្ត Belgorod នៅភាគខាងលិចប្រទេសរុស្ស៊ី ជាប់ព្រំដែននឹងអ៊ុយក្រែន។ អាជ្ញាធរខេត្តនេះមិនទាន់ចោទប្រកាន់លើភាគីណាមួយ ប៉ុន្តែឱ្យដឹង កំពុងស្រាវជ្រាវ។
ទាក់ទិននឹងហេតុការណ៍ហែកឃើរវាយប្រហារលើរលកទូរទស្សន៍ក្នុងតំបន់គ្រីមៀ ភាគីខាងអ៊ុយក្រែន មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ។
វិមានក្រឹមឡាំង កាលពីថ្ងៃទី 19 មករា បានព្រមានអ៊ុយក្រែនថា ការវាយប្រហារលើគ្រីមៀគឺជាសកម្មភាពគ្រោះថ្នាក់ បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price កាលពីថ្ងៃទី 18 មករា បានប្រកាសថា ឧបទ្វីបគ្រីមៀគឺជាផ្នែកមួយរបស់អ៊ុយក្រែន ហើយវ៉ាស៊ីងតោនកំពុងផ្គត់ផ្គង់អាវុធដើម្បីជួយឱ្យទីក្រុងកៀវការពារទឹកដីរបស់ខ្លួន៕