កងទ័ពអាម៉េរិកធ្វើការវាយឆ្មក់នៅសូម៉ាលី ទៅតាមបញ្ជារបស់ប្រធានាធិបតី បៃដិន កម្ចាត់បានមេដឹកនាំតំបន់សំខាន់របស់ក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) Bilal al-Sudani។
ក្រុមមន្ត្រីអាម៉េរិក កាលពីថ្ងៃទី 26 មករា បានឱ្យដឹងថា Sudani ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធ បន្ទាប់ពីកងទ័ពអាម៉េរិកសម្រុកចូលតំបន់រូងភ្នំនៅភាគខាងជើងប្រទេសសូម៉ាលី ដើម្បីចាប់ខ្លួនមេដឹកនាំរដ្ឋអ៊ីស្លាម (IS)។ សមាជិកប្រហែល 10 នាក់របស់ក្រុមភេរវកររដ្ឋអ៊ីស្លាមសូដង់ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ប៉ុន្តែភាគីអាម៉េរិក មិនមានអ្នកស្លាប់ និងរបួសនោះទេ។
«កាលពីថ្ងៃទី 25 មករា ដោយអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតី កងទ័ពអាម៉េរិកបានធ្វើយុទ្ធនាការវាយប្រហារនៅភាគខាងជើងប្រទេសសូម៉ាលី បណ្ដាលឱ្យសមាជិកមួយចំនួនរបស់ IS ត្រូវបាត់បង់ជីវិត រួមទាំង Bilal al-Sudani ផងដែរ» រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Lloyd Austin បានឱ្យដឹងដូច្នេះនៅក្នុងប្រកាសនាពេលថ្មី ៗនេះ។
«Al-Sudani ទទួលបន្ទុកក្នុងការជំរុញវត្តមានកាន់តែច្រើនរបស់ IS នៅទ្វីបអាហ្វ្រិក និងផ្ដល់ជំនួយដល់បណ្ដាសកម្មភាពរបស់ក្រុមនេះនៅទូទាំងពិភពលោក ក្នុងនោះក៏មានអាហ្វហ្កានីស្ថាន» លោក Austin បន្ថែម។
ពីមូលដ្ឋានលើភ្នំនៅភាគខាងជើងប្រទេសសូម៉ាលី Al-Sudani បានបែងចែក និងផ្ដល់ជំនួយដល់បណ្ដាសាខារបស់ IS មិនត្រឹមតែនៅទ្វីបអាហ្វ្រិកនោះទេ តែក៏នៅរដ្ឋអ៊ីស្លាម Khorasan ដែលជាសាខារបស់ IS នៅអាហ្វហ្កានីស្ថានទៀតផង នេះបើតាមមន្ត្រីអាម៉េរិកមួយរូបដែលសុំមិនបញ្ចេញឈ្មោះ។
កាលពី 10 ឆ្នាំមុន មុនពេលចូលក្រុម IS Sudani បានចូលរួមជ្រើសរើស និងបង្វឹកក្រុមខ្មាន់កាំភ្លើងសម្រាប់ចលនាជ្រុលនិយម al-Shabaab នៅសូម៉ាលី។
«Sudani មានតួនាទីសំខាន់ក្នុងផ្នែកហិរញ្ញវត្ថុ និងសកម្មភាព ដោយមានជំនាញខ្ពស់ ធ្វើឱ្យគាត់ក្លាយជាគោលដៅសំខាន់នៅក្នុងសកម្មភាពប្រឆាំងអំពើភេរវកម្មរបស់សហរដ្ឋអាម៉េរិក» មន្ត្រីអាម៉េរិកខាងលើនិយាយបន្ថែម។
យុទ្ធនាការវាយឆ្មក់នេះត្រូវបានរៀបផែនការក្នុងរយៈពេលច្រើនខែ ដោយមានការហាត់ស៊ាំនៅលើទីតាំងដែលត្រូវបានសាងសង់ឡើងដើម្បីត្រាប់តាមកន្លែងលាក់ខ្លួនរបស់ Sudani។ លោក បៃដិន កាលពីដើមសប្ដាហ៍នេះ បានអនុញ្ញាតឱ្យធ្វើការវាយប្រហារ ក្រោយពីបានពិភាក្សាជាមួយក្រុមមន្ត្រីកំពូលៗនៅក្រសួងការពារជាតិ ចារកម្ម និងសន្តិសុខ។
កងកម្លាំងអាម៉េរិក បាន និងកំពុងធ្វើសកម្មភាពនៅសូម៉ាលី ដោយមានការសហការ និងការជំនួសមុខឱ្យរដ្ឋាភិបាលទាំងពីរ។ ទ័ពអាម៉េរិក តែងវាយប្រហារតាមអាកាសដើម្បីគាំទ្រដល់កម្លាំងរបស់រដ្ឋាភិបាលសូម៉ាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពបះបោរ Shabaab៕