
Cuthbert Gudza កាន់ក្រដាសប្រាក់ដុល្លារមកមើល រួចវាយតម្លៃកន្លែងរហែក ហើយចាប់ផ្ដើមលាបកាវយ៉ាងប្រុងប្រយ័ត្ន និងហាលថ្ងៃ មុនពេលប្រកាសថា «វាបានដូចថ្មី»។
ក្រដាសប្រាក់ដុល្លារអាម៉េរិកដែលចាស់ រហែក កំពុងត្រូវបានកែប្រែឱ្យអាចចាយវិញបាន នៅលើដងផ្លូវក្នុងរដ្ឋធានីហារ៉ារ៉េរបស់ប្រទេសស៊ីមបាវ៉េ ជាទីដែលវាត្រូវបាន «ជួសជុល» និងលក់យកចំណេញ ក្នុងកាលៈទេសៈដែលប្រជាជននៅប្រទេសនេះស្វែងរកគ្រប់មធ្យោបាយដើម្បីរស់នៅក្នុងវិបត្តិហិរញ្ញវត្ថុ។
ប្រជាជនក្នុងស្រុកនៅស៊ីមបាវ៉េ ត្រូវប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកសម្រាប់ការទិញដូរប្រចាំថ្ងៃ រាប់ចាប់ពីពេលប្រាក់ដុល្លារស៊ីមបាវ៉េបាត់បង់តម្លៃក្នុងឆ្នាំ 2009 ដោយសារអតិផរណាកើនឡើងខ្ពស់ខ្លាំង។ ក្រដាសប្រាក់ដុល្លារអាម៉េរិកដែលដាច់រហែកត្រូវបានយកមកបិទភ្ជាប់ក្នុងគ្រាដែលប្រភពផ្គត់ផ្គង់ប្រាក់មានកំណត់បំផុត។

ក្រដាសប្រាក់រហែកតែងត្រូវបានផ្សារទំនើប និងស្ថាប័នជំនួញផ្នែកហិរញ្ញវត្ថុផ្លូវការបដិសេធ។ វាត្រូវបានយកទៅកាន់កន្លែងរបស់មនុស្សដូច Gudza ដែលជាជាងជួញដូរប្រាក់ក្នុងទីផ្សារងងឹតនៅតំបន់ពាណិជ្ជកម្មមួយក្នុងទីរួមស្រុក Kuwadzana មានចម្ងាយពីរដ្ឋធានីហារ៉ារ៉េ ប្រហែល 15 គីឡូម៉ែត្រទៅទិសខាងលិច។

បណ្ដាធនាគារនៅស៊ីមបាវ៉េ ទទួលយកក្រដាសប្រាក់ចាស់ ដាច់រហែក ប៉ុន្តែប្រជាជនបានបាត់បង់ទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុ ក្រោយពីបានបាត់បង់ខ្ទង់ប្រាក់សន្សំដោយសារអតិផរណា។ ប្រការនេះធ្វើឱ្យពួកគេចូលចិត្តដោះដូរជាមួយអ្នកទិញលក់ប្រាក់នៅក្នុងទីផ្សារងងឹតជាជាងធនាគារ។
«យើងទទួលទិញប្រាក់ដុល្លារដាច់រហែកក្នុងតម្លៃសមរម្យ សូមអញ្ជើញចូល» នេះជាសំឡេងស្រែកពពាយនាយពីឧបករណ៍បំពងសំឡេងចល័តនៅក្នុងតំបន់ពាណិជ្ជកម្មនៅ Kuwadzana។
Gudza អាយុ 33 ឆ្នាំ មានកូន 3 នាក់ និយាយថា «លក្ខខណ្ឌទិញដូរគឺថា លេខស៊េរីនៅលើក្រដាសប្រាក់ត្រូវតែអាចមើលឃើញ។ មុខរបរសំខាន់របស់ខ្ញុំគឺលក់ដំឡូងបារាំង ប៉ុន្តែខ្ញុំទិញដូរប្រាក់ដុល្លារចាស់ ដាច់រហែកក៏ព្រោះតែមើលឃើញឱកាសរកស៊ី។ ក្រដាសប្រាក់ទាំងនេះត្រូវផ្សារទំនើបបដិសេធ ប៉ុន្តែខ្ញុំទិញដើម្បីលក់យកចំណេញ»។

«យើងឱ្យ 600 ដុល្លារស៊ីមបាវ៉េសម្រាប់ 1 ដុល្លារអាម៉េរិក។ អ្នកដែលមិនចង់កាន់សាច់ប្រាក់នឹងទទួលបានដំឡូងបារាំង ផ្លែក្រូច ឬប៉ោម។ បើសិនជាប្រាក់រហែកមិនអាចប៉ះបាន ខ្ញុំនឹងយកទៅកាន់ធនាគារ» Gudza ឱ្យដឹងដូច្នេះ។
ដោយដឹងពីសភាពការណ៍ ធនាគារជាតិស៊ីមបាវ៉េក៏បានស្នើឱ្យប្រជាជនប្រើប្រាស់ស្ថាប័នផ្លូវការដើម្បីប្ដូរប្រាក់ចាស់ ដាច់រហែក យកប្រាក់ថ្មី ដោយដាក់ចេញគោលការណ៍ច្បាស់លាស់។
«មុខរបរសំខាន់របស់ខ្ញុំគឺលក់ដំឡូងបារាំង ប៉ុន្តែខ្ញុំទិញដូរប្រាក់ដុល្លារចាស់ ដាច់រហែកក៏ព្រោះតែមើលឃើញឱកាសរកស៊ី» Gudza អាយុ 33 ឆ្នាំ មានកូន 3 នាក់ និយាយដូច្នេះ
Persistence Gwanyanya សមាជិកគណៈកម្មគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារជាតិស៊ីមបាវ៉េ បញ្ជាក់ថា «បើសិនមានបញ្ហា ធនាគារកណ្ដាលនឹងប្ដូរជូនអ្នកនូវក្រដាសប្រាក់ល្អជាង។ គ្រប់ធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលយកក្រដាសប្រាក់ចាស់»៕
