ទ័ពជើងទឹករបស់រាជាណាចក្រថៃ បានស្នើសុំគណៈរដ្ឋមន្ត្រីប្រទេសនេះ ផ្ដល់ថវិកា 15 ពាន់លានបាត (457 លានដុល្លារអាម៉េរិក) ក្នុងរង្វង់ 5 ឆ្នាំខាងមុខ សម្រាប់ការដំឡើងនាវាពិឃាដខ្នាតតូចថ្មីមួយគ្រឿងទៀត។
សំណើខាងលើត្រូវបានលើកឡើងដោយក្រសួងការពារជាតិថៃ នៅក្នុងសេចក្ដីព្រាងច្បាប់គម្រោងថវិកាជាតិសម្រាប់ឆ្នាំ 2024 ដែលចាប់ផ្ដើមពីថ្ងៃទី 01 តុលាឆ្នាំនេះ។
សារព័ត៌មានថៃបានឱ្យដឹងថា សំណើនេះត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យជាលើកដំបូងកាលពីថ្ងៃទី 24 មករា ហើយបើតាមគោលការណ៍ សំណើនេះទទួលបានការគាំទ្ររួចហើយ។
ខ្ទង់ប្រាក់ដំបូងនៃកញ្ចប់ថវិកាខាងលើសម្រាប់ឆ្នាំ 2024 គឺមានតម្លៃ 1.7 ពាន់លានបាត ដែលប្រហែលនឹង 52 លានដុល្លារអាម៉េរិក។
បច្ចុប្បន្ន គម្រោងទិញនាវាពិឃាដខ្នាតតូចរបស់ទ័ពជើងទឹកថៃ កំពុងទទួលបានចំណាប់អារម្មណ៍ពីបណ្ដាក្រុមហ៊ុនផលិតនាវានៅបរទេស មានជាអាទិ៍ ក្រុមហ៊ុននៅកូរ៉េខាងត្បូង អេស្ប៉ាញ រុស្ស៊ី និងបារាំង។
គម្រោងនាវាពិឃាដខាងលើនេះគឺជាគ្រឿងទីពីររបស់ទ័ពជើងទឹកថៃ បន្ទាប់ពី HTMS Bhumibol Adulyadej ដែលផលិតនៅកូរ៉េខាងត្បូង និងបានប្រគល់ឱ្យថៃកាលពីឆ្នាំ 2019៕