កម្លាំងការពារឆ្នេរសមុទ្រជប៉ុនប្រកាសថា កប៉ាល់ដឹកទំនិញ Jintan បានលិចនៅលើលំហសមុទ្រ Nagasaki នៅពេលយប់ ហើយសមត្ថកិច្ចសង្គ្រោះបាន 4 នាក់ ចំណែក 18 នាក់ទៀតកំពុងបាត់ខ្លួន។
ប៉ូលិសសមុទ្រជប៉ុន (JCG) បានឱ្យដឹងថា កប៉ាល់ Jintan បានបញ្ចេញសញ្ញាសុំជួយសង្គ្រោះនៅវេលាម៉ោងប្រហែល 23 និង 15 នាទី (ម៉ោង 21 និង 15 នាទីនៅកម្ពុជា) ថ្ងៃទី 24 មករា ចេញពីតំបន់សមុទ្ររបស់ខេត្ត Nagasaki និងមានចម្ងាយពីកោះ Danjo ប្រហែល 110 គីឡូម៉ែត្រទៅទិសខាងលិច។
ក្រុមនាវិកពេលនោះបានប្រាប់ថា «កប៉ាល់ផ្អៀង និងចូលទឹក» ហើយថាបានឡើងទូកសង្គ្រោះបន្ទាន់មុនពេលកប៉ាល់នេះលិច។ នៅលើកប៉ាល់ Jintan នេះមានមនុស្ស 14 នាក់ជាជនជាតិចិន និង 8 នាក់ជាជនជាតិមីយ៉ានម៉ា។
JCG បញ្ជាក់ថា កប៉ាល់ Jintan មានទម្ងន់ 6,600 តោន ចុះឈ្មោះនៅហុងកុង។ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន ឱ្យដឹងថា បានបង្កើតក្រុមទំនាក់ទំនងមួយរួចហើយដើម្បីសម្រួលដល់ករណីលិចកប៉ាល់នេះ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលប្រទេសជប៉ុនកំពុងរងអាកាសធាតុត្រជាក់ខ្លាំង ក្នុងនោះ សីតុណ្ហភាពនៅលើកោះមួយចំនួននៅក្បែរកន្លែងកើតហេតុបំផុត ចុះត្រជាក់ដល់ 3 អង្សាសេ នៅពេលថ្ងៃ៕