ដោយសារតែការគំរាមកំហែងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ឆ្នាំនេះទ្រនិចនាឡិកាប្រាប់ថ្ងៃវិនាសរបស់ផែនដីត្រូវបានរំកិលទៅមុខ 10 វិនាទីបន្ថែមទៀត ដោយស្ថិតនៅឆ្ងាយពីចំណុចកណ្ដាអធ្រាត្រត្រឹមតែ 90 វិនាទីប៉ុណ្ណោះ។
កាលពីម៉ោង 22 ថ្ងៃទី 24 មករា ម៉ោងនៅកម្ពុជា ព័ត៌មានរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាតូមិច (BAS) បានប្រកាសពីការរំកិលទ្រនិចនាទីរបស់នាឡិកាប្រាប់ថ្ងៃវិនាសនៃផែនដីទៅកាន់តែជិតដល់ចំណុចពាក់កណ្ដាលយប់ ដែលនេះគឺជាការប្រែប្រួលដំបូងនៅក្នុងរយៈពេល 3 ឆ្នាំកន្លង។ បច្ចុប្បន្ន ទ្រនិចនាឡិកានេះត្រូវបានដាក់ត្រង់ចំណុច 90 វិនាទីមុនពាក់កណ្ដាលយប់។ ក្នុងប្រវត្តិសាស្ត្រ 76 ឆ្នាំរបស់នាឡិកាប្រាប់ថ្ងៃវិនាសនៃផែនដី មនុស្សជាតិមិនធ្លាប់ដើរដល់ក្បែរចំណុចមហន្តរាយសកលដល់កម្រិតនេះឡើយ។
នាឡិកាប្រាប់ថ្ងៃវិនាសនៃផែនដីត្រូវបានបង្ហាញជាលើកដំបូងនៅពេលសង្គ្រាមត្រជាក់បានចាប់ផ្ដើមនៅឆ្នាំ 1947 និងស្ថិតនៅត្រង់ចំណុច 7 នាទីមុនពាក់កណ្ដាលយប់។ ជារៀងរាល់ឆ្នាំ សមាជិកទាំងឡាយរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងសន្តិសុខរបស់ BAS នឹងកែប្រែទ្រនិចនាឡិកាដើម្បីបង្ហាញអំពីស្ថានភាពដែលបង្កើតឡើងដោយព្រឹត្តិការណ៍នានាក្នុងឆ្នាំចាស់ ដែលបានរុញច្រានមនុស្សជាតិទៅជិត ឬឆ្ងាយពីហានិភ័យនៃការបំផ្លាញខ្លួនឯង។ បច្ចុប្បន្ន នាឡិកាថ្ងៃវិនាសនៃផែនដីត្រូវបានប្រើប្រាស់ដើម្បីព្រមានអំពីការគំរាមកំហែងដែលមានប្រភពពីគ្រប់អាវុធប្រល័យលោក ការបំផ្លិចបំផ្លាញបរិស្ថាន និងបម្រែបម្រួលអាកាសធាតុជាដើម ចំពោះពិភពលោក។
ឆ្នាំ 2020 ទ្រនិចនាឡិកាប្រាប់ថ្ងៃវិនាសនៃផែនដី ស្ថិតនៅត្រង់ចំណុច 100 វិនាទីមុនពាក់កណ្ដាលយប់។ ក្នុងរយៈពេល 2 ឆ្នាំកន្លង ទ្រនិចនាឡិកានេះស្ថិតនៅត្រង់ចំណុចនេះដដែល។
ឆ្នាំនេះ BAS រំកិលទ្រនិចនាទីរបស់នាឡិកាប្រាប់ថ្ងៃវិនាសនៃផែនដីទៅមុខ ដោយសារតែការគំរាមកំហែងពីសង្គ្រាមនៅអ៊ុយក្រែន។ បច្ចុប្បន្ន នាឡិកានេះកំពុងស្ថិតនៅត្រង់ចំណុច 90 វិនាទីមុនពាក់កណ្ដាលយប់ ដែលនេះបង្ហាញថា ពិភពលោកទាំងមូលកំពុងស្ថិតនៅក្បែរមាត់ជ្រោះមហន្តរាយបំផុតមិនធ្លាប់មានពីមុនមក» BAS បញ្ជាក់ដូច្នេះ៕