ក្រុមហ៊ុនអគ្គិសនី National Grid ប្រកាសអនុវត្តកម្មវិធីផ្ដល់ជំនួយជាទឹកប្រាក់ដើម្បីឱ្យអតិថិជននៅអង់គ្លេសប្រើប្រាស់អគ្គិសនីតិចជាងមុននៅក្នុងម៉ោងមមាញឹក។
ក្រុមហ៊ុនអគ្គិសនី និងឧស្ម័នពហុជាតិ National Grid ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស កាលពីថ្ងៃទី 22 មករា បានឱ្យដឹងថា នឹងចំណាយប្រាក់ដើម្បីឱ្យអតិថិជនក្នុងប្រទេសនេះប្រើប្រាស់អគ្គិសនីតិចជាងមុននៅក្នុង 2 ថ្ងៃដើមសប្ដាហ៍។ នេះគឺជាករណីដំបូងដែល National Grid អនុវត្តកម្មវិធីនេះដើម្បីទប់ស្កាត់បញ្ហាខ្វះអគ្គិសនី។
គ្រួសារ និងក្រុមហ៊ុនជាង 1 លានដែលបានចុះឈ្មោះប្រើប្រាស់សេវាតម្រូវការបត់បែន (DFS) នឹងត្រូវបានដកថ្លៃប្រើប្រាស់អគ្គិសនីប្រហែល 3 ផោនសម្រាប់រៀងរាល់ 1 គីឡូវ៉ាតដែលពួកគេសំច័យបាននៅក្នុងអំឡុងពេលពីម៉ោង 17-18 ចាប់ពីថ្ងៃទី 23 ដល់ 24 មករា។ តាមការគណនា ការដកថ្លៃអគ្គិសនីនេះមានតម្លៃចន្លោះពី 6 ទៅ 20 ផោន។
ក្រុមហ៊ុន National Grid បញ្ជាក់ថា កម្មវិធីនេះមិនមែនមានន័យថា ប្រភពផ្គត់ផ្គង់អគ្គិសនីជួបហានិភ័យនោះទេ ដូច្នេះគ្រប់គ្នាមិនត្រូវបារម្ភឡើយ។
បណ្ដាប្រទេសនៅអឺរ៉ុប កំពុងប្រឈមនឹងវិបត្តិថាមពលក្នុងរដូវរងា នៅពេលតម្លៃឥន្ធនៈកើនឡើងខ្ពស់ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ទីក្រុមមូស្គូបានកាត់បន្ថយការនាំចេញឧស្ម័នទៅកាន់អឺរ៉ុប ធ្វើឱ្យបណ្ដាប្រទេសនៅតំបន់នេះ ត្រូវទិញឧស្ម័នពីប្រភពផ្សេងក្នុងតម្លៃថ្លៃ នាំឱ្យការចំណាយរបស់ប្រជាជនទៅលើថាមពលមានការកើនឡើងខ្ពស់ខ្លាំង៕