ស្នូលផែនដី​អាច​ចាប់ផ្ដើម​វិល​បញ្ច្រាសទិស​បច្ចុប្បន្ន​នៅ​ពេល​ឆាប់ៗ​ខាងមុខ

ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 23 មករា លើ​ទស្សនាវដ្ដី Nature Geoscience បាន​បង្ហើប​ឱ្យដឹងថា ការប្រែប្រួល​ទិស​នៃ​រង្វិល​ជុំ​​របស់​ស្នូលផែនដី​អាច​កើតឡើង​ក្នុង​រង្វង់​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ។

អំឡុង​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ 1990 អ្នកវិទ្យាសាស្ត្រ Xiaodong Song នៅ​បន្ទប់ពិសោធន៍ SinoProbe របស់​សាលា​ផែនដី និង​វិទ្យាសាស្ត្រ​ចក្រវាល​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សហការ​ជាមួយ Paul Richards នៅ​សាកលវិទ្យាល័យ Columbia បានផ្ដល់​ភស្ដុតាង​ដំបូង​ស្ដីពី​ការវិល​ដោយ​ឯករាជ្យ​របស់​ស្នូលផែនដី។

ដើម​ឡើយ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​​​រកឃើញថា ស្នូល​ខាងក្នុង​វិល​ទៅតាម​ទិញ​ពី​លិចទៅ​កើត បើ​ទោះ​លឿន​ជាង​បណ្ដា​ស្រទាប់ផ្សេងៗរបស់​ផែនដី។ ទិស​នៃ​រង្វិល​​នេះ​ភាគច្រើន​ទទួលរង​ពី​ឥទ្ធិពល​ម៉ាញេទិក និង​អគ្គិសនី​នៅ​ក្នុង​ស្នូល​រាវ​ខាងក្រៅ​ដែល​ព័ទ្ធជុំវិញ​ស្នូល​រឹង​ខាងក្នុង​បង្អស់ ក៏ដូចជា​ឥទ្ធិពល​នៃ​ទំនាញ​ជាមួយនឹង​ស្រទាប់កណ្ដាល​។

ក៏ប៉ុន្តែ ការរកឃើញ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1990 ខាងលើ ​នៅមាន​បញ្ហា​ជាច្រើន​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ​ទាក់ទង​នឹង​ទិស​នៃ​រង្វិល​ជុំ​​របស់​ស្នូល នៅពេល​ពិនិត្យ​ដល់​កត្តា​មួយចំនួន​មានដូចជា​ល្បឿន​នៃរ​ង្វិ​លជុំ​​ជាដើម។ បញ្ហា​ទាំងនេះ​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ប្រឹងប្រែង​ប្រមូល​ទិន្នន័យ​បន្ថែមទៀត​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់។

ក្នុងការ​ស្រាវជ្រាវ​ថ្មី​បំផុត​ដែល​ទើបត្រូវ​បានប្រកាស ពួកគេ​បាន​វិភាគ​ទៅលើ​រលកសញ្ញា​ដែល​កើតឡើង​ពី​ការរញ្ជួយ​ដី​​តាម​​ធម្មជាតិ ដែល​ជះ​កាត់​តាម​ស្នូលផែនដី​ចាប់ពី​ទសវត្សរ៍​ឆ្នាំ 1960។ ពួកគេ​រកឃើញថា ស្នូលផែនដី​វិល​លឿន​ជាង​ធៀប​នឹង​ស្រទាប់​កណ្ដាល និង​សម្បក​របស់​ផែនដី ទៅតាម​ទិស​ពី​លិចទៅ​កើត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ 1970 រហូតមកដល់​ប្រហែល​ឆ្នាំ 2009។ ក្រោយមក រ​ង្វិ​ល​នេះ​ហាក់​បាន​ឈប់​តាំងពី​ឆ្នាំ 2009 ដល់ 2011។ ចាប់ពី​ដំណាក់កាល​នេះ​មក រ​ង្វិ​លស្នូល​ផែនដី​​ហាក់​ប្ដូរ​ទិស​ជាសន្សឹមៗ។ ការប្រែប្រួល​ខាងលើនេះ​ទំនងជា​ស្ថិត​ក្នុងរង្វង់​ 7 ទសវត្សរ៍៕

Advertisement