លោក Dmitry Medvedev ចោទសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តថា ហាក់បញ្ឆេះសង្គ្រាមលោកលើកទីបីដោយការត្រៀមវាយប្រហារលើរុស្ស៊ី ធ្វើឱ្យប្រទេសនេះត្រូវតែបញ្ចេញសកម្មភាព។
«យើងគួរតែជួយឱ្យគ្រប់គ្នាលើសកលលោកយល់ថា យុទ្ធនាការយោធាដែលកំពុងកើតឡើងគឺជាប្រតិកម្មដោយបង្ខំ និងជាជម្រើសចុងក្រោយនៅចំពោះមុខការត្រៀមវាយប្រហារពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត។ ជាក់ច្បាស់ណាស់ ពិភពលោកបានខិតទៅជិតលទ្ធភាពកើតមានសង្គ្រាមលោកលើកទីបី ព្រោះតែបញ្ហាដែលបានកើតឡើងមុននោះ» អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី Dmitry Medvedev ថ្លែងកាលពីថ្ងៃទី 23 មករាដូច្នេះ។
លោក Medvedev ក៏បាននិយាយថា «វិបត្តិធ្ងន់ធ្ងរ» នៅឯអង្គការសហប្រជាជាតិ និងបណ្ដាអង្គការអន្តរជាតិដទៃ កំពុងត្រូវបានលោកខាងលិចកែប្រែឱ្យទៅជាសមរភូមិ។
សហរដ្ឋអាម៉េរិក មិនទាន់បញ្ចេញប្រតិកម្មនៅឡើយទាក់ទិននឹងការអះអាងរបស់ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី Dmitry Medvedev។
លោក Medvedev មុននោះក៏ធ្លាប់បានព្រមានថា ការប្រឹងប្រែងសុំចូលជាសមាជិកនៃសម្ព័ន្ធមិត្តយោធាណាតូរបស់អ៊ុយក្រែន នឹង «ពន្លឿនការចាប់ផ្ដើមសង្គ្រាមលោកលើកទីបី»។
លោក Medvedev ក៏ធ្លាប់បានរម្លឹកជាច្រើនលើកនូវការប្រកាសដែលថា រុស្ស៊ីមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអែរនៅពេលចាំបាច់ «ដោយមិនត្រូវសុំច្បាប់ និងពិភាក្សាជាមួយអ្នកណាទាំងអស់»៕