(សហរដ្ឋអាម៉េរិក) – California បន្តកើតមានហេតុការណ៍បាញ់ប្រហារនៅ Half Moon Bay បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច 7 នាក់ និងម្នាក់រងរបួស។
សារព័ត៌មានអាម៉េរិកកាលពីថ្ងៃទី 23 មករា (24 នៅកម្ពុជា) បានផ្សាយថា ទីក្រុង Half Moon Bay ក្នុងស្រុក San Mateo របស់រដ្ឋ California បានកើតមានហេតុការណ៍បាញ់ប្រហារនៅក្នុងកសិដ្ឋានពីរដែលនៅក្បែរគ្នា បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច 7 នាក់ និងម្នាក់របួសធ្ងន់ធ្ងរ។
សមត្ថកិច្ចមិនទាន់ប្រកាសព័ត៌មានលំអិត ប៉ុន្តែបានបញ្ជាក់ថា កំពុងដោះស្រាយករណីបាញ់ប្រហារសម្លាប់មនុស្សច្រើននាក់ និងបានចាប់ខ្លួនជនសង្ស័យរួចហើយ។ LA Times បានផ្សាយថា ជនសង្ស័យគឺជាពលរដ្ឋរស់នៅក្នុងតំបន់កើតហេតុ និងមានអាយុ 67 ឆ្នាំ។
NBC Bay Area ដកស្រង់សម្ដីមន្ត្រីរបស់ទីក្រុង Half Moon Bay បានឱ្យដឹងថា ជនរងគ្រោះនានានៅក្នុងករណីបាញ់ប្រហារនេះគឺជាកសិករដើមកំណើតចិន ប៉ុន្តែមិនទាន់ដឹងច្បាស់មូលហេតុនៅពីក្រោយហេតុការណ៍នេះនៅឡើយ។
អភិបាលរដ្ឋ California លោក Gavin Newsom ដែលកំពុងស្ថិតនៅឯ Monterey Park ដើម្បីចូលរួមដោះស្រាយករណីបាញ់ប្រហារសម្លាប់មនុស្សយ៉ាងតិច 11 នាក់មុននោះ បានសម្ដែងការបារម្ភចំពោះហេតុការណ៍នេះ។
ករណីបាញ់ប្រហារនៅទីក្រុង Half Moon Bay បានកើតឡើងក្រោយពីមានករណីបាញ់រះនៅ Monterey Park រដ្ឋ California ដូចគ្នា ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងតិច 11 នាក់បានបាត់បង់ជីវិត និង 9 នាក់រងរបួស។ ជនសង្ស័យត្រូវបានសមត្ថកិច្ចរកឃើញថា មានឈ្មោះ Huu Can Tran អាយុ 72 ឆ្នាំ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុនៃអំពើនេះនៅឡើយ៕