វីដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហាញថា អ្នកសរសេរកម្មវិធីកុំព្យូទ័រ Brandon Tsay បានប្រទាញប្រទង់ និងដណ្ដើមបានអាវុធពីជនសង្ស័យក្នុងករណីបាញ់សម្លាប់មនុស្សនៅ California សហរដ្ឋអាម៉េរិក។
Brandon Tsay អាយុ 26 ឆ្នាំ ទទួលបានការសរសើរថាជាវីរបុរស បន្ទាប់ពីដណ្ដើមបានកាំភ្លើងរបស់ជនសង្ស័យ Huu Can Tran ដែលមុននោះបានបាញ់សម្លាប់មនុស្សយ៉ាងតិច 11 នាក់ និងបង្ករបួសដល់មនុស្ស 9 នាក់នៅក្នុងក្លឹបកំសាន្តមួយនៅ Monterey Park រដ្ឋ California។ សកម្មភាពរបស់ Tsay ត្រូវបានវាយតម្លៃថា បានទប់ស្កាត់ករណីបាញ់ប្រហារលើកទីពីរនៅក្នុងក្លឹបរាត្រី Lai Lai ក្នុងតំបន់ Alhambra ជាទីដែល Tsay ប្រឈមមុខនឹងជនសង្ស័យ។
វីដេអូដកស្រង់ពីកាមេរ៉ាសុវត្ថិភាពនៅក្នុងក្លឹបរាត្រី Lai Lai ដែលត្រូវបាន NBC News ចុះផ្សាយក្នុងថ្ងៃទី 24 មករា បង្ហាញអំពីសកម្មភាពរបស់ Tsay និងជនសង្ស័យ Huu Can Tran ប្រទាញប្រទង់គ្នានៅក្នុងកន្លែងមិនមានមនុស្សរបស់ក្លឹប Lai Lai។
Tsay ដែលមានជីតាជាម្ចាស់ក្លឹប Lai Lai មិនបានដឹងថា ជនសង្ស័យដែលខ្លួនកំពុងប្រឈមមុខ មុននោះប្រហែល 20 នាទី បានសម្លាប់មនុស្សយ៉ាងតិច 11 នាក់ និងបង្ករបួសដល់មនុស្ស 9 នាក់នៅក្នុងក្លឹបនៅឯ Monterey Park នោះឡើយ។
Tsay ត្រូវបានមនុស្សម្នាកោតសរសើរថាជាវីរបុរសដែលបញ្ចេញសកម្មភាពដ៏ក្លាហាន នៅពេលប្រឈមមុខជាមួយនឹងជនសង្ស័យក្នុងករណីបាញ់រះ។ សមត្ថកិច្ចជឿថា ជនសង្ស័យមានបំណងធ្វើការបាញ់ប្រហារជាលើកទីពីរ ប៉ុន្តែ Tsay បានទប់ស្កាត់ទាន់ពេល៕