អវកាសចរ Edwin Aldrin ដែលជាមនុស្សទីពីរបានដើរលើដីឋានព្រះចន្ទកាលពីឆ្នាំ 1969 បានរៀបការក្នុងថ្ងៃខួបកំណើតលើកទី 93 ជាមួយនឹងកូនក្រមុំវ័យ 64 ឆ្នាំ។
«នៅក្នុងថ្ងៃខួបកំណើតលើកទី 93 របស់ខ្ញុំ និងជាថ្ងៃដែលខ្ញុំបានទទួលពានរង្វាន់ Living Legends of Aviation ខ្ញុំរីករាយ និងសូមប្រកាសថា ខ្ញុំ និងគូស្នេហ៍យូរឆ្នាំ Anca Faur បានរៀងការ» អតីតអ្នកអវកាស Edwin “Buzz” Aldrin ប្រកាសលើ Twitter ស្ដីពីអាពាហ៍ពិពាហ៍កាលពីថ្ងៃទី 20 មករា 2023។
«យើងបានធ្វើពិធីរៀបមង្គលការដ៏ឧត្ដុង្គឧត្ដម ប៉ុន្តែមានលក្ខណៈជាឯកជននៅ Los Angeles និងមានការរំភើបដូចយុវវ័យដទៃ» លោក Edwin Aldrin បន្ថែមដូច្នេះ។
ក្នុងសំណេរ លោក Edwin Aldrin ក៏បង្ហោះអមជាមួយនឹងរូបថតដែលគាត់ស្លៀកពាក់ឈុត tuxedo ហើយកូនក្រមុំ Faur ក្នុងឈុតរ៉ូបដៃវែងផងដែរ។
កើតឆ្នាំ 1959 អ្នកស្រី Anca Faur គឺជាប្រធានគម្រោងរបស់ក្រុមហ៊ុនវិទ្យាសាស្ត្រ និងគីមី Johnson Matthey។ អ្នកស្រី ក៏ជាអនុប្រធានរបស់ក្រុមហ៊ុន Buzz Aldrin Venture ចាប់ពីឆ្នាំ 2019។
លោក Edwin Aldrin បានរៀបការជាលើកដំបូងកាលពីឆ្នាំ 1954 ជាមួយនឹង Joan Archer។ អ្នកទាំងពីរមានកូនជាមួយគ្នា 3 នាក់ មុនពេលលែងលះកាលពីឆ្នាំ 1974។ ក្រោយមក Edwin Aldrin ក៏បានរៀបការជាមួយ Beverly Van Zile កាលពីឆ្នាំ 1975 និងរស់នៅជាមួយគ្នាបាន 3 ឆ្នាំ។ បន្ទាប់មកទៀត លោក Edwin Aldrin
ក៏បានរៀបការជាមួយនឹង Lois Driggs Cannon ក្នុងឆ្នាំ 1988 និងរស់នៅជាមួយគ្នាបាន 24 ឆ្នាំ មុនពេលលែងលះ។
កាលពីខែកក្កដា 1969 យានអវកាស Apollo 11 រួមនឹងអវកាសចរ 3 រូប ដែលរួមមានលោក Neil Armstrong, Buzz Aldrin និងពីឡុត Michael Collins បានធ្វើដំណើរទៅកាន់ឋានព្រះចន្ទ។ ពួកគេចំណាយពេល 4 ថ្ងៃដើម្បីបញ្ចប់ដំណើរហោះហើរក្នុងរយៈចម្ងាយជាង 400,000 គីឡូម៉ែត្រ។
លោក Armstrong បានស្ថិតនៅលើដីរបស់ព្រះចន្ទក្នុងរយៈពេល 2 ម៉ោង និង 32 នាទី ខណៈលោក Aldrin តិចជាងនេះប្រហែល 15 នាទី។ អវកាសចរទាំងពីរបានដោតទង់ជាតិអាម៉េរិក រើសយកសំណាកដុំថ្ម និងធ្វើការពិសោធមុនពេលត្រលប់មកកាន់យានអវកាស។ អវកាសចរទាំង 3 រូបខាងលើរបស់ក្រុម Apollo 11 បានត្រលប់មកកាន់ផែនដីវិញដោយសុវត្ថិភាព និងត្រូវបានទទួលយ៉ាងគគ្រឹកគគ្រេងដូចទៅនឹងវីរបុរស៕