(វៀតណាម) – ក្រោយរយៈពេល 21 ថ្ងៃដែលបានធ្លាក់ចូលជាប់ក្នុងប្រហោងសសរបេតុងក្រោមដីជម្រៅ 35 ម៉ែត្រ នៅក្នុងការដ្ឋានសាងសង់ស្ពានមួយកន្លែងនៅខេត្ត Dong Thap ចុក្រោយ សាកសពរបស់ក្មេងប្រុសរងគ្រោះ Thai Ly Hao Nam ក៏ត្រូវបានយកឡើងមកលើកាលពីវេលាទៀបភ្លឺថ្ងៃទី 20 មករា 2023។
នៅវេលាម៉ោង 01 និង 20 នាទី ក្រុមសង្គ្រោះបានចុះដល់ជម្រៅ 25 ម៉ែត្រខាងក្នុងបំពង់ដែកព័ទ្ធជុំវិញសសរបេតុងប្រហោងក្នុង ជាទីដែលសពរបស់ក្មេងប្រុសវ័យ 10 ឆ្នាំ ឹកំពុងជាប់ខាងក្នុង។ ជិត 2 ម៉ោងក្រោយមក ក្រុមសង្គ្រោះក៏យកសាកសពឡើងមកលើបានសម្រេច។
មឈូស និងសាកសពរបស់ក្មេងរងគ្រោះនេះត្រូវដឹកទៅកាន់ផ្ទះដែលនៅឆ្ងាយពីកន្លែងកើតហេតុប្រហែល 1 គីឡូម៉ែត្រ ដើម្បីធ្វើបុណ្យបញ្ចុះសព។
អាជ្ញាធរវៀតណាមបានឱ្យដឹងថា លទ្ធផលនៃការធ្វើកោសល្យវិច្ច័យបង្ហាញថា ក្មេងរងគ្រោះបានស្លាប់ដោយសាររបួសច្រើនកន្លែងពេលធ្លាក់ប៉ះនឹងជញ្ជាំងសសរ និងស្ថិតក្នុងទឹក។ បន្ទាប់ពីបានធ្វើបុណ្យបញ្ចុះសពរួចរាល់ សមត្ថកិច្ចនឹងចាប់ផ្ដើមស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ហើយនឹងមានចំណាត់ការចំពោះបុគ្គល ឬអង្គភាពដែលបានបង្កឱ្យមានកំហុសឆ្គង។
ករណីធ្លាក់ក្មេងចូលបំពង់សសរបេតុងខាងលើនេះបានកើតឡើងកាលពីម៉ោងប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ មុនពេលកើតហេតុ ក្មេងរងគ្រោះមានឈ្មោះថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និងក្មេង 3 នាក់ទៀត បានចូលក្នុងការដ្ឋានសាងសង់ស្ពានមួយកន្លែងដើម្បីរើសអេតចាយ។ ប៉ុន្តែ Hao Nam ក៏បានធ្លាក់ទៅក្នុងបំពង់សសរបេតុងប្រហែលដែលត្រូវបានដាំទៅក្នុងដីជម្រៅប្រហែល 35 ម៉ែត្រ។ ប្រហែលកន្លះម៉ោងក្រោយពីកុមារនេះបានជួបគ្រោះថ្នាក់ កម្លាំងសង្គ្រោះក៏បានទៅដល់កន្លែងកើតហេតុ និងចាប់ផ្ដើមដំណើរការជួយសង្គ្រោះ៕