Skip to content

ជិត​កើតមាន​បាតុភូត «ព្រះ​ចន្ទ​ថ្មី – New Moon» លើក​ដំបូង​ក្នុងអំឡុងជិត 1,000 ឆ្នាំ​កន្លង

នៅវេលា​ម៉ោង​ប្រហែល 03 និង 53 នាទី ថ្ងៃទី 22 មករា 2023 (ម៉ោង​នៅ​កម្ពុជា) ព្រះ​ចន្ទ​ថ្មី (New Moon) នឹងមាន​គម្លាត​ពី​ផែនដី​ប្រហែល 356,568 គីឡូម៉ែត្រ ដែលជា​រយៈ​ចម្ងាយ​ជិត​បំផុត​រាប់​ចាប់ពី​មជ្ឈិមសម័យ។

ដោយសារតែ​ស្ថិតនៅ​ក្បែរ​ផែនដី​ពេក ព្រះ​ចន្ទ​​នៅ​ថ្ងៃទី 22 មករា​ខាងមុខ នឹង​ជាព្រឹត្តិការណ៍​​ព្រះ​ចន្ទ​ថ្មី​ធំជាងគេ​បង្អស់​ដែល​បង្ហាញខ្លួន​លើ​មេឃ រាប់​ចាប់ពី​ថ្ងៃទី 03 ធ្នូ 1030 នេះ​បើតាម​ទិន្នន័យ​នៅលើ​គេហទំព័រ Timeanddate។ ព្រឹត្តិការណ៍​ព្រះ​ចន្ទ​ថ្មី​នេះ​នឹង​កើតឡើង​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃទី 20 មករា 2368។

គន្លង​គោចរ​របស់​ព្រះ​ចន្ទ​ជុំវិញ​ផែនដី​មិនមែន​មូល​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​វា​មាន​រាង​ប្រហាក់​ប្រហែល​នឹង​​ពងក្រពើ ដែល​នេះ​មានន័យថា គម្លាត​រវាង​ព្រះ​ចន្ទ និង​ផែនដី​គឺ​មិន​ដូចគ្នា​គ្រប់ពេល​ឡើយ ក្នុងនោះ​ចំណុច​ឆ្ងាយ​បំផុត​ត្រូវបាន​ហៅថា Apogee និង​ចំណុច​ជិត​បំផុត​ហៅថា Perigee។

ក្នុង​ព្រឹត្តិការណ៍​ព្រះ​ចន្ទ​ថ្មី ព្រះ​ចន្ទ​ស្ថិតនៅ​ចន្លោះ​រវាង​ព្រះអាទិត្យ និង​ផែនដី។ ពេលនោះ មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ​ព្រះ​ចន្ទឡើយ ដោយសារ​ចំហៀង​ដែល​ងងឹត​របស់​ព្រះ​ចន្ទ​បែរមក​កាន់​ផែនដី ហើយ​វា​ក៏​កើតឡើង​នៅពេល​ថ្ងៃ និង​ចំ​ថ្ងៃ 15 រោច។ ក្នុង​ព្រឹត្តិការណ៍​នេះ ព្រះ​ចន្ទ​រះ និង​លិច​ជិត​ស្ទើរ​តែ​ដូច​ទៅនឹង​ព្រះអាទិត្យ ធ្វើឱ្យ​ភ្នែក​ធម្មតា​មិនអាច​មើលឃើញ​ព្រះ​ចន្ទ៕

Leave a Reply

Your email address will not be published. Required fields are marked *