ក្រសួងការពារជាតិអាម៉េរិក ប្រកាសឱ្យដឹងអំពីកញ្ចប់ជំនួយយោធាថ្មីតម្លៃ 2.5 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះមានទាំងរថពាសដែក រួមនឹងអាវុធធំតូចជាច្រើនផ្សេងទៀត។
យោងតាមប្រកាសមួយកាលពីថ្ងៃទី 19 មករា របស់មន្ទីរបញ្ចកោណ កញ្ចប់ជំនួយថ្មីបំផុតនេះរួមមាន រថពាសដែក Bradley 59 គ្រឿង, រថពាសដែក Stryker 90 គ្រឿង, ប្រព័ន្ធការពារដែនអាកាស Avenger និងអាវុធតូចធំច្រើនប្រភេទទៀត ប៉ុន្តែមិនមានរថក្រោះដូចការស្នើរបស់អ៊ុយក្រែននោះទេ។
កញ្ចប់ជំនួយថ្មីបំផុតនេះបានធ្វើឱ្យជំនួយយោធាសរុបរបស់សហរដ្ឋអាម៉េរិក សម្រាប់អ៊ុយក្រែន ឡើងដល់ជាង 26.7 ពាន់លានដុល្លារ រាប់ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង។
រថពាសដែក Stryker មិនក្រាស់ដូចរថក្រោះ ប៉ុន្តែវាធ្វើសកម្មភាពបានល្អនៅក្នុងភូមិសាស្ត្រដែលមានព្រឹល ខ្សាច់ និងល្បាប់។ រថពាសដែក Stryker អាចដឹកទាហាន 9 នាក់ ខណៈដែលរថពាសដែក Bradley អាចដឹកបាន 6 នាក់។
អាម៉េរិកប្រើប្រាស់រថពាសដែក Stryker តាំងពីឆ្នាំ 2002 រហូតដល់បច្ចុប្បន្ន ក្នុងនោះ Stryker មួយគ្រឿងមានតម្លៃប្រហែល 4.9 លានដុល្លារ។ Stryker ត្រូវបានបំពាក់កាំភ្លើងធំប្រភេទ 30 មម, 40 មម ឬ 105 មម អាស្រ័យលើកំណែនីមួយៗ និងមានកាំភ្លើងយន្ត 12.7 មម និង 7.62 មម។ រថពាសដែកនេះអាចរត់ក្នុងល្បឿន 97 គីឡូម៉ែត្រ/ម៉ោង និងមានរង្វង់ប្រតិបត្តិការប្រហែល 500 គីឡូម៉ែត្រ។
ចំណែករថពាសដែក Bradley វិញ បំពាក់កាំភ្លើងធំ 25 មម, មីស៊ីលប្រឆាំងរថក្រោះ និងអាចធ្វើសកម្មភាពក្នុងរង្វង់ 480 គីឡូម៉ែត្រ៕