(ប្រទេសស៊ីប) – យោងទៅតាមការបង្ហាញត្រាប់លើកុំព្យូទ័រ ក្រុមអ្នកជំនាញកំណត់បានទីកន្លែងដែលបង្កគ្រោះថ្នាក់ និងសុវត្ថិភាពបំផុតចំពោះមនុស្សនៅក្នុងផ្ទះដែលស្ថិតនៅមិនឆ្ងាយពីកន្លែងផ្ទុះគ្រាប់បែកនុយក្លេអែរ។
ពេលគ្រាប់បែកប្រល័យលោកផ្ទុះ គ្រប់យ៉ាងដែលនៅក្បែរនឹងត្រូវបាត់ខ្លួនភ្លាមៗ។ វិទ្យុសកម្មអាចប៉ះពាល់ដល់សុខភាពមនុស្ស ទោះជាស្ថិតនៅឆ្ងាយ។ គ្រោះថ្នាក់ធំមួយទៀតសម្រាប់អ្នកស្ថិតនៅក្នុងរយៈចម្ងាយមធ្យមពីកន្លែងផ្ទុះ នោះគឺរលកខ្យល់កញ្ឆក់ដែលមានកម្លាំងខ្លាំង និងរហ័ស អាចបក់បំប៉ើងមនុស្សទៅលើអាកាស។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nicosia ប្រទេសស៊ីប (Cyprus) បានធ្វើការបង្ហាញត្រាប់លើកុំព្យូទ័រករណីផ្ទុះគ្រាប់បែកនុយក្លេអែរមួយគ្រាប់ដែលបំពាក់លើមីស៊ីលអន្តរទ្វីប និងរលកកញ្ឆក់ដែលកើតឡើងពីការផ្ទុះ ហើយវាយតម្លៃផលប៉ះពាល់ដល់មនុស្សដែលលាក់ខ្លួនក្នុងផ្ទះ។ លទ្ធផលនៃការវិភាគថ្មីនេះត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Physics of Fluids កាលពីថ្ងៃទី 17 មករា។
នៅក្នុងតំបន់រងការខូចខាតកម្រិតមធ្យម រលកខ្យល់កញ្ឆក់មានកម្លាំងអាចកម្ទេចផ្ទះមួយចំនួន និងបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រៅ ប៉ុន្តែ អគាររឹងមាំដែលសាងសង់ពីបេតុងជាដើម អាចទប់ទល់បាន។ យោងតាមការពិសោធថ្មីនេះ ការលាក់ខ្លួនក្នុងផ្ទះរឹងមាំនៅតែមិនទាន់គ្រប់គ្រាន់ក្នុងការរក្សាជីវិត។ បន្ទប់ដែលចង្អៀតអាចបង្កើនល្បឿនរបស់ខ្យល់ ហើយនៅពេលមានរលកកញ្ឆក់ ខ្យល់នឹងជះត្រលប់ពីជញ្ជាំង និងអាចបង្កើតបានជាកម្លាំងមួយដែលប្រហាក់ប្រហែលនឹងទម្ងន់របស់មនុស្ស 18 នាក់។
ករណីធ្វើតេស្តគ្រាប់បែកនុយក្លេអែរចុងក្រោយទាំង 5 របស់ពិភពលោក
«កន្លែងដែលគ្រោះថ្នាក់បំផុតនៅក្នុងផ្ទះដែលយើងត្រូវចៀសវាង រួមមាន បង្អួច ផ្លូវរួមក្នុងអគារ និងទ្វារចេញចូល។ ពេលស្ថិតក្នុងបន្ទប់ដែលនៅទល់មុខនឹងកន្លែងផ្ទុះ យើងនៅតែអាចមានសុវត្ថិភាព បើសិនលាក់ខ្លួនត្រង់ជ្រុងណាមួយក្នុងបន្ទប់» Ioannis Kokkinakis សមាជិកម្នាក់របស់ក្រុមខាងលើឱ្យដឹងដូច្នេះ។
ក្រុមអ្នកវិទ្យាសាស្ត្រសង្កត់ធ្ងន់ថា អ្នកមានពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះក្នុងការរត់រកជម្រក បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកប្រល័យលោក ហើយក្នុងអគារនានាសុទ្ធតែមានប្រព័ន្ធខ្សែភ្លើង និងហ្កាសជាដើម ដូច្នេះនឹងមានអគ្គិភ័យកើតឡើង។ គ្រប់គ្នាត្រូវតែយកចិត្តទុកដាក់រាល់ហានិភ័យខាងលើ និងប្រញាប់រកដំណោះស្រាយភ្លាមៗ នេះបើតាម Drikakis។
ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ការផ្ទុះគ្រាប់បែកនុយក្លេអែរនឹងមិនកើតឡើង ប៉ុន្តែពួកគេជឿថា ការយល់ដឹងអំពីផលវិបាកដែលកើតឡើងពីការផ្ទុះនេះ នឹងជួយបញ្ចៀសការស្លាប់ ឬរងរបួសធ្ងន់ និងបង្កភាពងាយស្រួលដល់ការជួយសង្គ្រោះ៕