នៅថ្ងៃទី 24 មករា 2023 ព័ត៌មានរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាតូមិច នឹងបង្ហាញឱ្យដឹងអំពីស្ថានភាពរបស់ទ្រនិចនាឡិកាថ្ងៃវិនាសរបស់ផែនដី ជានិមិត្តរូបដែលបង្ហាញថា មនុស្សលោកឈានចូលទៅក្បែរហានិភ័យបំផ្លាញខ្លួនឯងដល់កម្រិតណា។
ព័ត៌មានរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាតូមិច (BAS) នឹងត្រូវបានប្រារព្ធឡើងក្នុងកិច្ចប្រជុំតាមអនឡាញនៅម៉ោង 22 ថ្ងៃទី 24 មករា 2023 (ម៉ោងនៅកម្ពុជា) ដើម្បីប្រកាសឱ្យដឹងអំពីទីតាំងរបស់ទ្រនិចនាទីរបស់នាឡិកាថ្ងៃវិនាស សម្រាប់ឆ្នាំ 2023 (2023 Doomsday Clock)។ កិច្ចប្រជុំនោះនឹងមានវត្តមានរបស់វាគ្មិនជាច្រើនរូបមកពី BAS និងសមាជិកទាំងឡាយរបស់ Elders ដែលជាអង្គការឯករាជ្យរបស់ក្រុមមេដឹកនាំទូទាំងសកលលោក ដែលបង្កើតឡើងដោយអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Nelson Mandela ក្នុងគោលដៅសន្តិភាព យុត្តិធម៌ និងសិទ្ធិមនុស្ស។
បច្ចុប្បន្ន នាឡិកាថ្ងៃវិនាសកំពុងស្ថិតនៅត្រង់ចំណុច 100 វិនាទីមុនពាក់កណ្ដាលយប់។ នាឡិកាថ្ងៃវិនាសត្រូវបានបង្ហាញជាលើកដំបូងនៅពេលសង្គ្រាមត្រជាក់បានចាប់ផ្ដើមនៅឆ្នាំ 1947 និងស្ថិតនៅត្រង់ចំណុច 7 នាទីមុនពាក់កណ្ដាលយប់។
ជារៀងរាល់ឆ្នាំ សមាជិកទាំងឡាយរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងសន្តិសុខរបស់ BAS នឹងកែប្រែទ្រនិចនាឡិកាដើម្បីបង្ហាញអំពីស្ថានភាពដែលបង្កើតឡើងដោយព្រឹត្តិការណ៍នានាក្នុងឆ្នាំចាស់ ដែលបានរុញច្រានមនុស្សជាតិទៅជិត ឬឆ្ងាយពីហានិភ័យនៃការបំផ្លាញខ្លួនឯង។ បច្ចុប្បន្ន នាឡិកាថ្ងៃវិនាសត្រូវបានប្រើប្រាស់ដើម្បីព្រមានអំពីការគំរាមកំហែងដែលមានប្រភពពីគ្រប់អាវុធប្រល័យលោក ការបំផ្លិចបំផ្លាញបរិស្ថាន បម្រែបម្រួលអាកាសធាតុជាដើម ចំពោះពិភពលោក។
លើកដំបូងដែលទ្រនិចនាឡិកាថ្ងៃវិនាសដើរដល់ចំណុចឆ្ងាយបំផុតពីចំណុចពាក់កណ្ដាលយប់ (ម៉ោង 12 យប់) គឺនៅឆ្នាំ 1991 បន្ទាប់ពី សហរដ្ឋអាម៉េរិក និងសូវៀត ចុះកិច្ចព្រមព្រៀងបន្ថយអាវុធយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអែរ។ ពេលនោះ ទ្រនិចនាឡិកាត្រូវបានដាក់ឆ្ងាយពីចំណុចមុនពាក់កណ្ដាលយប់ដល់ទៅ 17 នាទី។ ចាប់ពីពេលនោះមក ទ្រនិចនាទីរបស់នាឡិកានេះក៏ផ្លាស់ទីទៅមុខជាបន្តបន្ទាប់។ ការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ត្រូវបាន BAS កំណត់ជាលើកដំបូងថាជាកត្តាកំណត់ទីតាំងរបស់ទ្រនិចនាឡិកានៅឆ្នាំ 2007 ពេលដែលទ្រនិចនាឡិកាមានចម្ងាយពីចំណុចពាក់កណ្ដាលយប់ 5 នាទី មិនមែន 7 នាទីដូចមុនៗនោះ។
ឆ្នាំ 2020 ទ្រនិចនាឡិកាថ្ងៃវិនាសស្ថិតនៅត្រង់ចំណុច 100 វិនាទីមុនពាក់កណ្ដាលយប់ ជាចំណុចជិតបំផុតមិនធ្លាប់មានពីមុនមក។ «សង្គ្រាមនុយក្លេអែរដែលអាចបញ្ចប់អរិយធម៌របស់មនុស្សជាតិ គឺជារឿងដែលអាចកើតឡើង។ យើងក៏មិនអាចបដិសេធបញ្ហាបម្រែបម្រួលអាកាសធាតុដែលកំពុងកើតឡើង និងអាចបំផ្លាញពិភពផែនដីបានឡើយ» John Mecklin ដែលជាមន្ត្រីមួយរូបរបស់ BAS បានឱ្យដឹងដូច្នេះ។
ក្នុងរយៈពេលពីរឆ្នាំកន្លង ទ្រនិចនាឡិកាថ្ងៃវិនាសនៅតែស្ថិតនៅត្រង់ចំណុច 100 វិនាទីមុនពាក់កណ្ដាលយប់។ ក្រុមអ្នកជំនាញកំពុងតែរង់ចាំមើលថាតើបណ្ដាព្រឹត្តិការណ៍ក្នុងឆ្នាំកន្លង រួមមានជាអាទិ៍ ការបំភាយឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោក និងសង្គ្រាមរវាងរស្ស៊ី – អ៊ុយក្រែន អាចប៉ះពាល់ដល់ទ្រនិចនាទីរបស់នាឡិកាថ្ងៃវិនាសនេះដែរ ឬទេ៕