ស្ត្រី​វ័យ​ចំណាស់​ជាងគេ​បង្អស់​​លើ​ពិភព​លោក បាន​ទទួល​​មរណភាព​ហើយ

លោកយាយ Lucile Randon បានទទួលមរណភាពក្នុងជន្មាយុ 118 ឆ្នាំ

បូជា​ចា​រ្យ​ជនជាតិ​បារាំង លោក​យាយ​ Lucile Randon ដែលជា​ស្ត្រី​មួយរូប​ត្រូវបាន​គេ​ជឿថា មាន​វ័យ​ចំណាស់​​ជាងគេ​លើ​ពិភពលោក បានទទួល​មរណភាព​ក្នុង​ជន្មាយុ 118 ឆ្នាំ ពេល​កំពុង​សម្រាន្ត​នៅឯ​មជ្ឈមណ្ឌល​ចាស់ជរា។

លោកយាយ Lucile Randon កើត​ឆ្នាំ 1904 នៅ Ales ភាគខាងត្បូង​ប្រទេស​បារាំង។ នេះ​គឺជា​ឆ្នាំ​ដែល New York សម្ពោធ​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដំបូង ខណៈ​​ពានរង្វាន់​ប្រណាំង​កង់​ប្រចាំឆ្នាំ Tour de France ទើបតែ​ប្រារព្ធ​ឡើង​បាន​មួយ​រដូវ​កាល។

ការ​បួងសួង និង​ការ​ទៅសួរសុខទុក្ខ​ប្រជាជន​គឺជា​សកម្មភាព​ប្រចាំថ្ងៃ​របស់លោក​យាយ Lucile Randon ពេល​រស់នៅក្នុង​មជ្ឈមណ្ឌល​ចាស់ជរា​នៅ Toulon។

បើទោះជា​ពិការភ្នែក និង​ត្រូវ​ជិះរទេះ​រុញ ប៉ុន្តែ​លោកយាយ Lucile Randon នៅតែ​យកចិត្តទុកដាក់​ដល់​ជន​ចាស់ជរា​ដទៃ ព្រោះថា នោះ​គឺជា​សុភមង្គល​របស់លោក​យាយ។ កាលពី​ឆ្នាំ 2021 លោកយាយ Lucile Randon បាន​ក្លាយជា​និមិត្តរូប​នៃ​ក្ដីសង្ឃឹម​របស់​មនុស្ស​នៅលើ​ពិភពលោក បន្ទាប់ពី​បាន​យកឈ្នះ​លើ​ជំងឺ​កូ​វីដ-19។

លោកយាយ Lucile Randon ពេល​មាន​ជំងឺ​កូវីដ-19

នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​ជួយ​ឱ្យ​មាន​អាយុ​យឺនយូរ លោកយាយ Lucile Randon ប្រាប់​ថា «គេ​និយាយថា ការ​ធ្វើការ​អាច​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​សម្រាប់​ខ្ញុំ ការធ្វើការ​បាន​ជួយ​ឱ្យ​ខ្ញុំ​រស់​បានយូរ»។ លោកយាយ​ឱ្យដឹងថា នៅតែ​ធ្វើការ​ពេល​មាន​អាយុ 108 ឆ្នាំ។

លោកយាយ Lucile Randon តែងតែ​បដិសេធ​សំណើសុំ​ពិនិត្យ DNA និង​មានប្រសាសន៍ថា «មានតែ​ព្រះអម្ចាស់​​ប៉ុណ្ណោះទើប​ដឹង» អំពី​អាថ៌កំបាំងជួយ​ឱ្យ​​​លោកយាយ​មាន​អាយុ​យឺនយូរ៕

Advertisement