
យន្តហោះបុកគ្នានៅលើផ្លូវរត់ កំហុសផ្នែកទំនាក់ទំនង ឬកំហុសផ្នែកបច្ចេកទេសគឺជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានគ្រោះថ្នាក់អាកាសចរណ៍សម្លាប់មនុស្សច្រើនពាន់នាក់ក្នុងប្រវត្តិសាស្ត្រ។
1-ករណីយន្តហោះ Boeing 747 ពីរគ្រឿងប៉ះគ្នានៅ Tenerife ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី 27 មីនា 1977 គឺជាគ្រោះថ្នាក់យន្តហោះដែលបានសម្លាប់មនុស្សច្រើនជាងគេក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍របស់ពិភពលោក។

ដោយសារតែកំហុសផ្នែកទំនាក់ទំនង យន្តហោះ KLM 4805 កំពុងផ្លាស់ទីលើផ្លូវរត់ដើម្បីត្រៀមហោះឡើង ស្រាប់តែបានប៉ះនឹង Pan Am 1736 ដែលជាយន្តហោះកំពុងស្ថិតនៅលើផ្លូវរត់ដូចគ្នា។ គ្រោះថ្នាក់យន្តហោះដែលកើតឡើងដោយសារមេឃចុះអ័ព្ទក្រាស់នេះបានសម្លាប់មនុស្ស 583 នាក់ ខណៈ 61 នាក់ផ្សេងទៀតបានរួចពីការស្លាប់។

2-យន្តហោះ Boeing 747 របស់ក្រុមហ៊ុន Japan Airlines កំពុងហោះហើរក៏ជួបនឹងឧបទ្ទវហេតុកាលពីថ្ងៃទី 12 សីហា 1985 នៅជប៉ុន។

កំហុសបច្ចេកទេសត្រង់ជញ្ជាំងទប់សម្ពោធនៅខាងក្រោយយន្តហោះ បណ្ដាលឱ្យកន្ទុយរបស់វាត្រូវបាក់ នាំឱ្យយន្តហោះធ្លាក់ទៅបុកភ្នំ Takamagahara។ គ្រោះថ្នាក់នេះបានសម្លាប់មនុស្ស 520 នាក់ និង 4 នាក់រួចពីការស្លាប់។
3-ករណីប៉ះគ្នាលើអាកាសនៅភូមិ Charkhi Dadri ប្រទេសឥណ្ឌា កាលពីថ្ងៃទី 12 វិច្ឆិកា 1996 រវាងយន្តហោះ Boeing 747 របស់ក្រុមហ៊ុន Saudi Arabian Airlines និង Ilyushin II-76 របស់ក្រុមហ៊ុន Kazakhstan Airlines។

មូលហេតុត្រូវបានគេដឹងថា ដោយសារអ្នកបើកបររបស់ Kazakhstan Airlines មិនបានរក្សាកម្ពស់ឱ្យបានច្បាស់ព្រោះតែបញ្ហានៅពេលទំនាក់ទំនងជាមួយបុគ្គលិកគ្រប់គ្រងជើងហោះហើរ។ ឧបទ្ទវហេតុនេះបានសម្លាប់មនុស្ស 349 នាក់ដែលនៅលើយន្តហោះទាំងពីរ។
ក្រៅពីនេះ នៅមានករណីគ្រោះថ្នាក់យន្តហោះជាច្រើនទៀតដែលបានសម្លាប់មនុស្សរាប់រយនាក់/ករណី រួមមាន ៖

4-ករណីយន្តហោះ McDonnell Douglas DC-10 របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ធ្លាក់នៅប្រទេសបារាំង កាលពីថ្ងៃទី 03 មីនា 1974 បានសម្លាប់មនុស្ស 346 នាក់។

5-យន្តហោះក្រុមហ៊ុនឥណ្ឌា Air India 182 កាលពីថ្ងៃទី 23 មិថុនា 1985 ក៏មានហេតុការណ៍បំផ្ទុះគ្រាប់បែកនៅលើអាកាស បណ្ដាលឱ្យយន្តហោះធ្លាក់ចូលមហាសមុទ្រអាត្លង់ទិក សម្លាប់មនុស្ស 329 នាក់។

6-យន្តហោះ Saudi Arabian 163 កាលពីថ្ងៃទី 19 សីហា 1980 បានឆាបឆេះនៅពេលហោះឡើង និងបានធ្លាក់ សម្លាប់មនុស្ស 301 នាក់។

7-យន្តហោះ MH17 របស់ Malaysia Airlines ត្រូវបានគេសង្ស័យថា ត្រូវរុស្ស៊ីបាញ់ទម្លាក់កាលពីថ្ងៃទី 17 កក្កដា 2014 ពេលហោះឆ្លងភាគខាងកើតប្រទេសអ៊ុយក្រែន បណ្ដាលឱ្យមនុស្ស 298 នាក់បាត់បង់ជីវិត។

8-យន្តហោះ Iran Air 655 របស់ Iran Air ត្រូវបាននាវាផ្ទុកយន្តហោះចម្បាំងអាម៉េរិក បាញ់ទម្លាក់កាលពីថ្ងៃទី 03 កក្កដា 1988 ក្នុងដែនអាកាសអ៊ីរ៉ង់ ក្នុងសម័យសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ ដែលកាលណោះ អាម៉េរិកគឺជាអ្នកគាំទ្រអ៊ីរ៉ាក់៕
