Skip to content

ប្ដី​ប្រពន្ធ​ជា​ពី​ឡុ​ត​មួយគូ​ «ស្លាប់​ឃ្លាត​ពីគ្នា 16 ឆ្នាំ​ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​នេ​ប៉ាល់»

Khatiwada ដែលជា​អ្នកបើកបរ​យន្តហោះ​ដឹក​មនុស្ស 72 នាក់ និង​បាន​ជួប​គ្រោះថ្នាក់​​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃទី 15 មករា 2023 ក៏មាន​ស្វាមី​ឈ្មោះ Pokhrel ជា​ពី​ឡុ​តម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាលពី​ឆ្នាំ 2006។

ពី​ឡុ​តរង Anju Khatiwada កាលពី​ឆ្នាំ 2010 បាន​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Yeti Airlines របស់​នេ​ប៉ាល់ ដើម្បី​បន្ត​អាជីព​ជា​អ្នកបើកបរ​យន្តហោះ​រប​ស់​ស្វាមី Dipak Pokhrel ជា​ពី​ឡុ​ត​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​យន្តហោះ​កាលពីមុន​នោះ 4 ឆ្នាំ។

«ស្វាមី​របស់​អ្នកស្រី​បាន​ស្លាប់​កាលពី​ឆ្នាំ 2006 ក្នុង​គ្រោះថ្នាក់​យន្តហោះ​ធុន​តូច Twin Otter របស់ Yeti Airlines នៅ Jumla (ឃុំ​មួយ​របស់​ប្រទេស​នេ​ប៉ាល់)។ អ្នកស្រី​បាន​ចូលរួម​កម្មវិធី​បណ្ដុះបណ្ដាល​ពី​ឡុ​ត​ដោយ​ប្រើប្រាស់​​ប្រាក់​ធានារ៉ាប់រង​ជីវិត​របស់​ស្វាមី ក្រោយពី​គាត់​បាន​ស្លាប់» Sudarshan Bartaula អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Yeti Airlines កាលពី​ថ្ងៃទី 16 មករា បានឱ្យដឹង​ដូច្នេះ។

យោងតាម​សារព័ត៌មាន​របស់​នេ​ប៉ា់ល់ Dipak Pokhrel គឺជា​ម្នាក់​ក្នុងចំណោម​មនុស្ស 10 នាក់​ដែល​បាន​ស្លាប់​នៅពេល​យន្តហោះ Twin Otter បាន​ធ្លាក់​ក្នុងពេល​កំពុង​ហោះហើរ​ពី Nepalganj ទៅកាន់ Jumla កាលពី​ថ្ងៃទី 21 មិថុនា 2006។ Pokhrel ពេលនោះ​គឺជា​ពី​ឡុ​តរង​នៅលើ​យន្តហោះ​ដែល​បាន​ជួប​គ្រោះថ្នាក់​នោះ។

អ្នកស្រី Khatiwada

អ្នកស្រី Khatiwada ដែលជា​ភរិយា​របស់​សព​អតីត​អ្នកបើកបរ​យន្តហោះ Pokhrel កាលពី​ថ្ងៃទី 15 មករា គឺជា​ពី​ឡុ​តរង​នៅលើ​យន្តហោះ​ដឹក​មនុស្ស 72 នាក់ របស់​ក្រុមហ៊ុន Yeti Airlines ដូចគ្នា ដែល​ហោះ​ពី​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ ទៅកាន់​ទីក្រុង Pokhara។ យន្តហោះ​នេះ​បាន​ធ្លាក់​មុន​ការ​ចុះចត​តែ 10 វិនាទី​ប៉ុណ្ណោះ។ ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច 68 នាក់ ខណៈ​ជនរងគ្រោះ​ក្រៅពីនេះ​ក៏​មិនមាន​សង្ឃឹមថា​នៅមាន​ជីវិត​។

ជើងហោះហើរ​កាលពី​ថ្ងៃទី 15 មករា 2023 គួរ​ណាស់​តែ​ជា​ជើងហោះហើរ​ចុងក្រោយ​របស់ Khatiwada ក្នុងឋានៈ​ជា​ពី​ឡុ​តរង មុនពេល​អ្នកស្រី​ត្រូវបាន​ដំឡើង​ឋានៈ​ជា​ប្រធាន​ពី​ឡុ​ត។

ប្រអប់​ខ្មៅ​ចំនួន​ពីរ​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​​ទី 16 មករា នឹង​ជួយ​ឱ្យ​សមត្ថកិច្ច​អាច​រកឃើញ​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ។

យន្តហោះ​របស់​ក្រុម​ហ៊ុន Yeti Airlines

នៅ​ប្រទេស​នេ​ប៉ាល់ ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ក្នុងករណី​ធ្លាក់​យន្តហោះ និង​ឧទ្ធម្ភាគចក្រ បាន​កើន​ជិត​ដល់ 350 នាក់ រាប់​ចាប់ពី​ឆ្នាំ 2000។ ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដែល​រន្ធត់​បំផុត​នៅ​នេ​ប៉ាល់ គឺ​ករណី​ឆ្នាំ 1992 ដែល​កាលណោះ មនុស្ស​ទាំង 167 នាក់​លើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន បាន​ស្លាប់​ពេល​យន្តហោះ​ធ្លាក់​ក្នុង​គ្រា​ត្រៀម​ចុះចត​នៅ​ក​ដ្ឋ​ម​ណ្ឌូ៕

Leave a Reply

Your email address will not be published. Required fields are marked *