Skip to content

ចិន​បង្កើត​​បណ្ដាញ​ឧទ្យាន​ជាតិ «​ធំជាង​គេ​បង្អស់​លើ​ពិភពលោក»

ប្រទេស​ចិន​នឹងមាន​បណ្ដាញ​ឧទ្យាន​ជាតិ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​បើ​គិត​អំពី​ផ្ទៃក្រឡា​ដែល​ត្រូវបាន​ការពារ បើសិន​ស្ថាបនា​នៅលើ​តំបន់​សក្ដានុពល​ទាំង 49 របស់​ប្រទេស​នេះ។

ឧទ្យាន​ជាតិ Sanjiangyuan, Giant Panda, North China Tiger and Leopard, Hainan Tropical Rainforest និង​ Wuyishan គឺជា​ឧទ្យាន​ជាតិ​ដំបូង​ដែល​ត្រូវបាន​បង្កើត​ឡើង​​ដើម្បី​ការពារ​សត្វព្រៃ និង​បរិស្ថាន​រស់នៅ​របស់​ពួកវា​ឱ្យបាន​ល្អ​ជាង​មុន។

លោក Huang Jincheng ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ឧទ្យាន​ជាតិ Hainan Tropical Rainforest ថ្លែងថា ចាប់​តាំងពី​ឧទ្យាន​នេះ​ត្រូវបាន​បង្កើតឡើង ក្រុមការងារ​​កែលំអរ​បរិស្ថាន​រស់នៅ​របស់​ទោច Hainan បាន​ប្រហែល 267 ហិកតា និង​ដើមឈើ​ដែល​ពួកវា​ចូលចិត្ត ជាង 100,000 ដើម។

លោក Fan Dexing កសិករ​ដាំ​ដំណាំ​តែមួយ​រូប បាន​និយាយថា គោលដៅ​របស់​ឧទ្យាន​ជាតិ Wuyishan គឺ​ការថែរក្សា​ធម្មជាតិ។ ធម្មជាតិ​ល្អ ពួកគាត់​ក៏​អាច​ដាំបាន​​ដំណាំ​តែ​ប្រភេទល្អៗ។

ចំណែក​លោក Tian Junliang អនុប្រធាន​ឧទ្យាន​ជាតិ Sanjiangyuan ថ្លែងថា «ការស្រុះស្រួល​រវាង​មនុស្ស និង​ធម្មជាតិ​គឺជា​ចំណុច​អាទិភាព​មួយ​របស់​ឧទ្យាន​ជាតិ។ ប្រការនេះ​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​ភាពសម្បូរ​បែប​រប​ស់វ​ប្ប​ធម៌ និង​ជីវសាស្ត្រ​របស់​ផែនដី និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បម្រែ​ប​ម្រួ​ល​អាកាសធាតុ»។

ប្រទេស​ចិន​បានជ្រើសរើស​តំបន់​ដែលមាន​សក្ដានុពល​ចំនួន 49 ដើម្បី​បង្កើត​​ជា​បណ្ដាញ​ឧទ្យាន​ជាតិ​ដែលមាន​ទំហំ​ផ្ទៃដី​សរុប​ប្រហែល 1.1 លាន​គីឡូ​ម៉ែត្រក្រឡា រួមមាន​តំបន់​ដីគោក​ចំនួន 44, តំបន់​សមុទ្រ​ចំនួន 3 និង​តំបន់​ដីគោក-សមុទ្រ​ចំនួន 2។

អាជ្ញាធរ​ចិន​បានឱ្យដឹងថា ប្រទេស​នេះ​នឹងមាន​បណ្ដាញ​ឧទ្យាន​ជាតិ​ធំជាងគេ​បង្អស់​លើ​ពិភពលោក បើ​គិត​ទៅលើ​ផ្ទៃក្រឡា​ដែល​ត្រូវបាន​ការពារ បើសិន​កសាង​​​នៅលើ​តំបន់​សក្ដានុពល​ទាំង 49។ សត្វព្រៃ​មាន​ឆ្អឹង​ជាង 5,000 ប្រភេទ និង​រុក្ខជាតិ 29,000 ប្រភេទ​ស្ថិតនៅក្នុង​បណ្ដាញ​ឧទ្យាន​នេះ។

បណ្ដាញ​ឧទ្យាន​នេះ​គ្រោង​នឹង​មាន​សត្វ និង​រុក្ខជាតិ​ជាង 80% នៅក្នុង​ចំណោម​ប្រភេទ​ដែល​ត្រូវបាន​អាជ្ញាធរ​ចិន​ការពារ​យ៉ាង​ម៉ត់ចត់។ បណ្ដាញ​ឧទ្យាន​នេះ​ក៏​ជួយ​ការពារ​តំបន់​ទាំង​ឡាយ​​ដែល​សត្វព្រៃ​ធ្វើដំណើរ​ឆ្លងកាត់​ផងដែរ៕

សត្វ​ទោច​នៅ​ឧទ្យាន​ជាតិ Hainan Tropical Rainforest
សត្វ​ខ្លា​នៅ​ក្នុង​ឧទ្យាន North China Tiger and Leopard

Leave a Reply

Your email address will not be published. Required fields are marked *