ក្រុមអ្នកជំនាញផ្នែកសុខាភិបាលលំដាប់កំពូលៗនៅប្រទេសចិន ណែនាំដល់មនុស្សគ្រប់គ្នាថា មិនគួរទៅសួរសុខទុក្ខមនុស្សវ័យចំណាស់នៅក្នុងរដូវចូលឆ្នាំចិន នៅពេលដែលកូវីដ-19 ផ្ទុះឆ្លងរាលដាលខ្លាំង។
ការណែនាំនេះបានក្លាយជាប្រធានបទដែលទទួលបានការចូលអានច្រើនជាងគេបំផុតនៅលើបណ្ដាញសង្គម Weibo ថ្ងៃនេះ។ តាមការរំពឹងទុក មនុស្សរាប់សិបលាននាក់នឹងធ្វើដំណើរពីបណ្ដាទីក្រុង ទៅកាន់ស្រុកកំណើតនៅជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នាពេលខាងមុខ។
«នេះគឺជាការណែនាំដ៏សមស្រប។ ទៅស្រុក ឬទុកសុខភាពរបស់មនុស្សចាស់ជាធំ» អ្នកលេងបណ្ដាញសង្គមម្នាក់សរសេរលើ Weibo ដូច្នេះ។ ចំណែកម្នាក់ទៀតសរសេរថា មិនហ៊ានទៅសួរសុខទុក្ខលោកយាយទេ តែនឹងទុកជំនូនជូនគាត់នៅខាងមុខទ្វារ និងបន្ថែមថា «ជិតដល់ចូលឆ្នាំហើយ ខ្ញុំខ្លាចថា លោកយាយគាត់ឯកា»។
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី 11 មករា បានឱ្យដឹងថា នឹងពិបាកខ្លាំងណាស់ក្នុងការគ្រប់គ្រងវីរុសក្នុងរដូវបុណ្យទាន ពេលដែលប្រទេសចិនមានមនុស្សយ៉ាងច្រើនត្រូវធ្វើដំណើរទៅស្រុកកំណើត។
អាជ្ញាធរចិនបានព្យាករថា ក្នុងរដូវបុណ្យចូលឆ្នាំចិនឆ្នាំនេះ នឹងមានមនុស្សធ្វើដំណើរប្រមាណ 2.1 ពាន់លានជើងនៅទូទាំងប្រទេស។ ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ការផ្លាស់ទីដ៏ធំនេះអាចធ្វើឱ្យមានការឆ្លងរាលដាលជំងឺកាន់តែច្រើន និងបង្កគ្រោះថ្នាក់ដល់មនុស្សវ័យចំណាស់ ក៏ដូចជាក្រុមមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង៕