Skip to content

ប្រធានាធិបតី ហ្សែ​ន​ឡែ​ន​ស្គី៖ ច្បាស់​ហើយ​ថា ភាគី​ណា​ជា​អ្នកឈ្នះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សែ​ន​ឡែ​ន​ស្គី អះអាងថា បានដឹង​ច្បាស់​ហើយ​ថា​ខាង​ណា​ជា​អ្នកឈ្នះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ហើយ​យល់ថា សង្គ្រាមលោកលើកទីបី​នឹងមិន​អាច​កើតឡើង។

«ពេលនេះ​ជា​ឆ្នាំ 2023 សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នៅតែ​មិនទាន់​បានបញ្ចប់ ប៉ុន្តែ​ស្ថានការណ៍​បាន​ប្រែប្រួល ហើយ​ខាង​ណា​ជា​អ្នក​ដណ្ដើមបាន​ជ័យជម្នះ​ក៏បាន​ច្បាស់​ហើយ​ដែរ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី អះអាង​នៅក្នុង​សេចក្ដីថ្លែងការណ៍​ដែល​បាន​ចាក់ផ្សាយ​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​ផែនដី​មាស (Golden Globes) នៅ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 10 មករា។

លោក ហ្សេ​ឡែ​ន​ស្គី ហាក់​ជឿជាក់ថា កងកម្លាំង​របស់​អ៊ុយ​ក្រែ​ន ដណ្ដើមបាន​ជ័យជម្នះ​លើ​រុស្ស៊ី ដែល​ទំនងជា​ចង់​និយាយ​អំពី​ការ​វាយបក​ដ៏​ខ្លាំងក្លា​របស់ ទីក្រុង​កៀវ កាលពីពេលថ្មីៗនេះ​ដែល​បាន​ជួយ​ឱ្យ​ពួកគេ​រំដោះ​បាន​តំបន់​ជាច្រើន​ដែល​កន្លងមក​ធ្លាប់​ត្រូវបាន​កាន់កាប់​ដោយ​ទីក្រុង​មូ​ស្គូ។

មេដឹកនាំ​អ៊ុយ​ក្រែ​ន បន្តថា នឹង​មិនមាន​សង្គ្រាមលោក​លើក​ទី​បី​ឡើយ បន្ទាប់ពី​បានលើកឡើង​ថា សង្គ្រាមលោក​លើកទីមួយ​បានសម្លាប់​មនុស្ស​រាប់លាន​នាក់ និង​សង្គ្រាមលោកលើកទីពីរ​ក៏បាន​ធ្វើឱ្យ​មនុស្ស​រាប់សិប​លាន​នាក់​បាត់​បង់ជីវិត។

លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ទាំ​ង​ឡាយ​ដែល​គាំទ្រ​សេរីភាព​សម្រាប់ អ៊ុយ​ក្រែ​ន និង​ហៅ​ប្រការ​នោះ​ថា​ជា «ការប្រយុទ្ធ​រួម​របស់​យើង​ដើម្បី​សេរីភាព ប្រជាធិបតេយ្យ ដើម្បី​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ស្រលាញ់គ្នា»។

លោក ហ្សេ​ឡែ​ន​ស្គី បាន​ថ្លែងការណ៍​នៅក្នុង​ព្រឹត្តិការណ៍​វប្បធម៌​មួយចំនួន​ដើម្បី​ប្រមូល​ការគាំទ្រ​សម្រាប់​អ៊ុយ​ក្រែ​ន។ កាលពី​ឆ្នាំមុន មេដឹកនាំ​អ៊ុយ​ក្រែ​ន​ក៏បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​ប្រគល់​រង្វាន់ Grammy ផងដែរ។ ក៏ប៉ុន្តែ ភាគី​ខាង Oscar វិញ បាន​បដិសេធ​សំណើ​ដើម្បីឱ្យ​លោក ហ្សេ​ឡែ​ន​ស្គី ធ្វើ​សេចក្ដីថ្លែងការណ៍។

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​ខែ​ទី 11 ហើយ​ប្រទេស​នេះ​បានទទួល​ការគាំទ្រ​យ៉ាងសកម្ម​ពី​បណ្ដា​ប្រទេស​លោកខាងលិច។ សារព័ត៌មាន​រុស្ស៊ី TASS បានឱ្យដឹងថា ជំនួយ​ផ្នែក​យោធា​សរុប​របស់លោក​ខាងលិច​សម្រាប់​អ៊ុយ​ក្រែ​ន ចាប់ពី​ចុងខែ​កុម្ភៈ 2022 ដល់​បច្ចុប្បន្ន គឺ​ជិត​ស្មើនឹង 95% នៃ​កញ្ចប់​ថវិកា​ការពារជាតិ​របស់​រុស្ស៊ី ក្នុង​ឆ្នាំ 2021៕

Leave a Reply

Your email address will not be published. Required fields are marked *