Skip to content

ណាសា​ (NASA) រកឃើញ​ពិភពថ្មី​ ទំហំ​ប៉ុន​ផែនដី ​​អាចមាន​ទឹក​រាវ និង​ជីវិត

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) ប្រកាសថា បាន​រកឃើញ​ពិភព​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 100 ឆ្នាំ​ពន្លឺ ស្ថិតក្នុង​តំបន់​ដែលមាន​អំណោយផល​សម្រាប់​ការកកើត​ជីវិត។

វត្ថុ​អវកាស​ដែលមាន​ឈ្មោះថា TOI 700 e អាចជា​ពិភព​ថ្ម​មួយ​ដែលមាន​ទំហំ​ស្មើនឹង 95% ធៀប​នឹង​ផែនដី។ នេះ​គឺជា​ពិភព​ទី​បី​ដែល​ត្រូវបាន​រកឃើញ​នៅ​ជុំវិញ​កូន​ផ្កាយ TOI 700។ ពិភព​ទាំងអស់នេះ​សុទ្ធតែ​រកឃើញ​ដោយ​ផ្កាយរណប​សង្កេត​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ TESS របស់ ណា​សា នេះ​បើតាម​របាយការណ៍​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 10 មករា នៅក្នុង​កិច្ចប្រជុំ​លើក​ទី 241 របស់​សមាគម​តារាសាស្ត្រ​អាម៉េរិក នៅ Seattle។

ពិភព​មួយ​ផ្សេងទៀត​នៅក្នុង​ប្រព័ន្ធ​ផ្កាយ​ខាងលើ ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ 2020 និង​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា TOI 700 d ក៏មាន​ទំហំ​ប្រហែល​នឹង​ផែនដី។ ទាំង TOI 700 d និង TOI 700 e សុទ្ធតែ​ស្ថិតនៅក្នុង​តំបន់​ដែល​អាចឱ្យ​ជីវិត​រស់នៅ​បាន ដែល​នេះ​មានន័យថា គម្លាត​របស់​ពួក​វាពី​ផ្កាយ​មេ​គឺ​អនុញ្ញាត​ឱ្យមាន​វត្តមាន​ទឹក​រាវ​ហូរ​នៅលើ​ផ្ទៃ​ខាងលើ។ វត្តមាន​របស់​ទឹក​រាវ បង្ហាញថា ពិភព​ទាំងនេះ​អាច​កំពុង ឬ​ធ្លាប់មាន​វត្តមាន​ជីវិត។

ក្នុងចំណោម​ពិភព​ចំនួន 4 របស់​ប្រព័ន្ធ​ផ្កាយ TOI 700 ពិភព TOI 700 b ស្ថិតនៅ​ក្បែរ​ផ្កាយ​មេ​បំផុត។ TOI 700 b មាន​ទំហំ​ស្មើនឹង 90% ធៀប​នឹង​ផែនដី និង​ចំណាយពេល 10 ថ្ងៃ​ក្នុងការ​គោចរ​បាន​មួយ​ជុំ​ផ្កាយ​មេ។ បន្ទាប់មក​គឺ TOI 700 c ធំ​ជាង​ផែនដី 2.5 ដង ហើយ​មួយឆ្នាំ​របស់​វា​ស្មើនឹង 16 ថ្ងៃ។

ពិភព​ទី​ពីរ និង​ទី​បី​គឺ TOI 700 d និង TOI 700 e ស្ថិតក្នុង​តំបន់​ដែល​អាច​ឱ្យមាន​វត្តមាន​ជីវិត ហើយ​មួយឆ្នាំ​របស់​ពួកវា​គឺ 37 ថ្ងៃ និង 28 ថ្ងៃ។ ពិភព TOI 700 e ដែល​ទើប​ត្រូវបាន ណា​សា ប្រកាស​កាល​ពី​ម្សិលមិញ គឺ​ស្ថិតនៅ​ចន្លោះ​ពិភព TOI 700 c និង TOI 700 d៕

Leave a Reply

Your email address will not be published. Required fields are marked *