រាជធានីតូក្យូ របស់ប្រទេសជប៉ុន បង្កើនខ្ទង់ប្រាក់ឧបត្ថម្ភដើម្បីលើកទឹកចិត្តឱ្យប្រជាជនរើទៅរស់នៅឯជនបទ ដើម្បីកាត់បន្ថយសម្ពោធនៅតំបន់ស្នូលរបស់រាជធានី ប៉ុន្តែ មិនអាចទាក់ទាញបានចំណាប់អារម្មណ៍ច្រើននោះទេ។
តូក្យូមានផែនការឧបត្ថម្ភប្រាក់ 1 លានយ៉េន (7,500 ដុល្លារអាម៉េរិក) ដល់ក្មេងអាយុក្រោម 18 ឆ្នាំនៅក្នុងគ្រួសារនានា ដែលព្រមរើចេញពី 23 ខណ្ឌនៅកណ្ដាលរាជធានី ទៅតាំងលំនៅយ៉ាងតិច 5 ឆ្នាំ នៅក្នុងតំបន់ជនបទក្បែររាជធានី។
ខ្ទង់ប្រាក់ឧបត្ថម្ភនេះខ្ពស់ជាង 3 ដង ធៀបនឹងខ្ទង់ប្រាក់ដែលអនុវត្តតាំងពីឆ្នាំ 2019 ធ្វើឱ្យខ្ទង់ប្រាក់ជំនួយសម្រាប់គ្រួសារនានាឡើងដល់ 3 លានយ៉េន។ ផែនការថ្មីនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញគ្រួសារបានប្រហែល 10,000 គ្រួ ត្រឹមឆ្នាំ 2027 ជួយឱ្យដង់ស៊ីតេប្រជាជនថយចុះ និងកាត់បន្ថយសម្ពាធលើសាលារៀន មន្ទីរពេទ្យ និងមូលដ្ឋាននានានៅរាជធានី។
23 ខណ្ឌនៅកណ្ដាលរាជធានីតូក្យូ គឺជាកន្លែងរស់នៅរបស់ប្រជាជនជាង 9.2 លាននាក់ និងមានដង់ស៊ីតេប្រជាជនជាង 14,400 នាក់/គីឡូម៉ែត្រក្រឡា។ ក្នុងចំណោមប្រជាជន 125 លាននាក់នៅជប៉ុន មានប្រហែល 35 លាននាក់ ស្មើនឹង 28% កំពុងរស់នៅក្នុងរាជធានីតូក្យូ និងតំបន់ក្បែរខាង ធ្វើឱ្យទីនេះក្លាយជាតំបន់ទីក្រុងធំជាងគេមួយលើពិភពលោក។
ប្រជាជនជាច្រើនដែលរស់នៅក្នុងទីក្រុងតូក្យូ មានចំណាប់អារម្មណ៍ ឬចូលចិត្តរស់នៅបែបស្រុកចំការ ប៉ុន្តែពួកគេហាក់ចាត់ទុកថា ជីវភាពបែបនោះគឺសម្រាប់តែអ្នកចូលនិវត្តន៍ប៉ុណ្ណោះ។ គ្រួសារថ្មីភាគច្រើនយល់ថា ការរស់នៅក្នុងទីក្រុងនៅតែជាកន្លែងល្អបំផុតដែលផ្ដល់ឱកាសច្រើនដល់ការសិក្សា ធ្វើការ រកស៊ី និងកំសាន្ត។
យោងតាម Nikkei កម្មវិធីខាងលើរបស់តូក្យូ ទាក់ទាញបាន 71 គ្រួសារចូលរួមកាលពីឆ្នាំ 2019។ តួលេខនេះបានកើនដល់ 290 គ្រួសារនៅឆ្នាំ 2020 និង 1,184 គ្រួសារនៅឆ្នាំ 2021៕