ហ្វូងបាតុករប្រឆាំងរដ្ឋាភិបាលប៉េរូ ស្វែងរកវិធីសម្រុកចូលអាកាសយានដ្ឋាននៅទីក្រុង Juliaca និងបានប៉ះទង្គិចជាមួយក្រុមប៉ូលិស បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច 17 នាក់។
បាតុកររាប់ពាន់នាក់ដែលខឹងខ្លាំង កាលពីថ្ងៃទី 09 មករា បានទៅដល់ព្រលានយន្តហោះ Juliaca នៅទីក្រុង Juliaca ក្នុងតំបន់ Puno ភាគខាងត្បូងប្រទេសប៉េរូ ដើម្បីប្រឆាំងនឹងអាជ្ញាធររបស់ប្រធានាធិបតីថ្មី Dina Boluarte និងទាមទារឱ្យដោះលែងអតីតប្រធានាធិបតី Pedro Castillo។
អំពើហិង្សាបានកើតឡើងនៅពេលមនុស្សប្រហែល 2,000 នាក់ វាយប្រហារលើកម្លាំងប៉ូលិស និងទាហានដែលកំពុងការពារអាកាសយានដ្ឋាន។ កាលពីចុងសប្ដាហ៍កន្លង ហ្វូងបាតុករក៏បានស្វែងរកវិធីដើម្បីសម្រុកចូលទៅក្នុងព្រលានយន្តហោះ ប៉ុន្តែមិនបានសម្រេច។
ស្នូរផ្ទុះរបស់គ្រាប់កាំភ្លើងបានលាន់ឡើងនៅពេលហ្វូងបាតុករគប់ដុំថ្មសំដៅប៉ូលិស។ នាយកដ្ឋានសុខាភិបាលតំបន់ Puno បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស 17 នាក់បានស្លាប់ និង 68 នាក់រងរបួស ក្រោយការប៉ះទង្គិចគ្នា ក្នុងនោះមានសាកសពខ្លះមានស្នាមគ្រាប់កាំភ្លើង។
AFP ដកស្រង់សម្ដីរបស់បាតុករម្នាក់ឱ្យដឹងថា «ប៉ូលិសបាញ់ប្រហារលើពួកខ្ញុំ»។ ចំណែក Oscar Caceres ដែលជាអភិបាលក្រុង Juliaca បាននិយាយថា «ជនជាតិប៉េរូ កំពុងសម្លាប់គ្នា។ ខ្ញុំសូមឱ្យគ្រប់គ្នាស្ងប់ចិត្ត»។
ចំនួនមនុស្សស្លាប់ក្នុងករណីថ្មីនេះ បានធ្វើឱ្យតួលេខសរុបនៃអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងបាតុករ និងសមត្ថកិច្ចប៉េរូ ដែលបានផ្ទុះឡើងតាំងពីដើមខែធ្នូ 2022 កើនឡើងដល់ 39 នាក់។
សភាប៉េរូ បានអនុម័តបណ្ដេញប្រធានាធិបតី Castillo ចេញពីអំណាចកាលពីថ្ងៃទី 07 ធ្នូ 2022 បន្ទាប់ពីលោកបានប្រកាសរំសាយសភាដើម្បីទប់ស្កាត់ការថ្កោលទោសរបស់សភាមកលើរូបលោក ទាក់ទងនឹងអំពើពុករលួយ។
លោក Castillo ត្រូវបានចាប់ខ្លួននៅពេលលោកកំពុងធ្វើដំណើរទៅកាន់ស្ថានទូតម៉ុកស៊ិក ជាទីដែលលោកសុំសិទ្ធិជ្រកកោន។ លោកស្រី Boluarte ដែលធ្លាប់កាន់តំណែងអនុប្រធានាធិបតីក្នុងសម័យរបស់លោក Castillo បានឡើងកាន់អំណាចជំនួស។ ចាប់តាំងពីឆ្នាំ 2016 ប្រទេសប៉េរូ បានឆ្លងកាត់ប្រធានាធិបតីចំនួន 6 រូបរួចមកហើយ៕