កាលពីថ្ងៃទី 09 មករា 2023 រាជរដ្ឋាភិបាលថៃ បានវិលទៅរកសភាពការណ៍ដើម នៅពេលលុបចោលការតម្រូវឱ្យភ្ញៀវបរទេសបង្ហាញលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដែលត្រូវបានប្រកាសកាលពីចុងសប្ដាហ៍កន្លង។
យោងតាម SCMP អាជ្ញាធរគ្រប់គ្រងអាកាសចរណ៍ស៊ីវិលថៃ (CAAT) កាលពីថ្ងៃទី 07 មករា 2023 បានប្រកាសវិធានការថ្មីដើម្បីទប់ស្កាត់កូវីដ-19 ដែលត្រូវអនុវត្តចំពោះភ្ញៀវបរទេស បន្ទាប់ពី ប្រទេសចិន បានបើកទ្វារព្រំដែនជាផ្លូវការ ក្រោយការបិទអស់រយៈពេលប្រហែល 3 ឆ្នាំ។
វិធានការដែលបានប្រកាសកាលពីចុងសប្ដាហ៍កន្លង រួមមានជាអាទិ៍ ការតម្រូវឱ្យភ្ញៀវបរទេសបង្ហាញលិខិតចាក់វ៉ាក់សាំងពេញលេញ ភស្ដុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់មូលហេតុនៃការមិនទាន់ចាក់វ៉ាក់សាំង លិខិតបញ្ជាក់អំពីការជាសះស្បើយពីជំងឺកូវីដ-19 ក្នុងរង្វង់ 6 ខែ នៅមុនពេលត្រូវបានអនុញ្ញាតឱ្យចូលមកទឹកដីថៃ។
CAAT បានឱ្យដឹងថា វិធានការខាងលើនឹងមានសុពលភាពចាប់ពីថ្ងៃទី 09 មករា និងអូសបន្លាយពេលយ៉ាងតិចត្រឹមដំណាច់ខែនេះ ដើម្បីត្រៀមសម្រាប់ទទួលភ្ញៀវពី ប្រទេសចិន។
ក៏ប៉ុន្តែ មកដល់ថ្ងៃទី 09 មករា ប្រកាសថ្មីពី ក្រសួងសុខាភិបាលថៃ បានឱ្យដឹងថា ប្រទេសនេះបានលុបចោលវិធានការទប់ស្កាត់កូវីដ-19 ខាងលើនេះហើយ។ ក្រុមអ្នកជំនាញរបស់ ប្រទេសថៃ បានបញ្ជាក់ថា ការតម្រូវឱ្យភ្ញៀវបរទេសបង្ហាញភស្ដុតាងស្ដីពីការចាក់វ៉ាក់សាំងគឺជារឿងមិនចាំបាច់ ដោយសារថា ការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកមានអត្រាខ្ពស់ នេះបើតាម SCMP។
ក្រសួងសុខាភិបាលថៃ បញ្ជាក់ថា ទេសចរបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ ក៏ត្រូវបានអនុញ្ញាតឱ្យចូលទឹកដីថៃ ដោយមិនត្រូវរងការកំណត់អ្វីឡើយ។ ប៉ុន្តែ ភ្ញៀវត្រូវតែបង្ហាញលិខិតធានារ៉ាប់រងផ្នែកសុខភាពសម្រាប់ការព្យាបាលជំងឺកូវីដ-19 ដែលប្រការនេះនឹងអនុវត្តចំពោះភ្ញៀវដែលឆ្លងកាត់ប្រទេសដដែលតម្រូវឱ្យបង្ហាញលិខិតបញ្ជាក់ការធ្វើតេស្តអវិជ្ជមានកូវីដ-19 មុនពេលអនុញ្ញាតឱ្យចូលប្រទេស៕