ផ្កាយដុះកន្ទុយ C/2022 E3 (ZFT) អាចត្រូវបានមើលឃើញដោយភ្នែកទទេនៅពេលវាហោះក្បែរផែនដីបំផុតនៅក្នុងខែមករា និងកុម្ភៈ 2023 ក្រោយរយៈពេល 50,000 ឆ្នាំ។
អ្នកថតរូប John Chumack របស់ទំព័រ GalacticImages.com កាលពីថ្ងៃទី 07 មករា ថតបានផ្កាយដុះកន្ទុយ C/2022 E3 (ZFT) នៅលើផ្ទៃមេឃពេលយប់របស់ Yellow Spring រដ្ឋ Ohio សហរដ្ឋអាម៉េរិក។ យោងតាម Chumack អ្នកដែលចូលចិត្តវិស័យតារាសាស្ត្រ អាចមើលឃើញផ្កាយដុះកន្ទុយ C/2022 E3 នេះ រហូតដល់ខែកុម្ភៈឆ្នាំ 2023។
យោងតាម Space ផ្កាយដុះកន្ទុយនេះមានកន្ទុយចំនួនពីរ ក្នុងនោះមានកន្ទុយមួយវែងជាងគេ និងមានពណ៌បៃតង។ ក្បាលរបស់វាមានពណ៌ខៀវ ដោយសារមានផ្ទុកសារធាតុ dicarbon។
ទំព័រ NPR បានឱ្យដឹងថា ផ្កាយដុះកន្ទុយគឺជាវត្ថុអវកាសដែលមានផ្ទុកឧស្ម័ន ថ្ម និងធូលីដែលកករឹង។ ប៉ុន្តែ នៅពេលពួកវាហោះមកក្បែរព្រះអាទិត្យ ពួកវានឹងបំភាយឧស្ម័ន និងធូលី ដោយសារតែត្រូវកម្ដៅ នាំឱ្យមានបាតុភូតដុះកន្ទុយវែងព្រោះតែចំណាំងប្លាតពន្លឺថ្ងៃ។
C/2022 E3 (ZTF) ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ 2022 ដោយតេឡេស្កុប Schmidt នៅលើភ្នំ Palomar ដែលពេលនោះវាស្ថិតនៅត្រង់កញ្ចុំផ្កាយ Aquila និងឆ្ងាយជាង 5 ដង ធៀបនឹងចម្ងាយពីផែនដីទៅព្រះអាទិត្យ។ ផ្កាយដុះកន្ទុយនេះនឹងស្ថិតនៅត្រង់កញ្ចុំផ្កាយ Camelopardalis នៅព្រលប់ថ្ងៃទី 01 កុម្ភៈ 2023។
យោងតាម ណាសា ផ្កាយដុះកន្ទុយ C/2022 E3 (ZTF) មានវដ្ដប្រហែល 50,000 ឆ្នាំ ដែលប្រការនេះមានន័យថា មុនពេលវាមានគម្លាតពីព្រះអាទិត្យប្រហែល 160 លានគីឡូម៉ែត្រនៅថ្ងៃទី 12 មករា និងមានចម្ងាយពីផែនដី 42 លានគីឡូម៉ែត្រនៅថ្ងៃទី 02 កុម្ភៈ វាទំនងជាធ្លាប់បានហោះមកដល់គម្លាតនេះជាលើកចុងក្រោយកាលពីយុគថ្មបំបែក៕