Skip to content

ទិដ្ឋភាព «ថ្ងៃ​ហិង្សា» ​នយោបាយ​ នៅ​រដ្ឋធានី​របស់​ប្រទេស​ប្រេ​ស៊ី​ល

បាតុករ​រាប់ពាន់នាក់​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Bolsonaro នាំគ្នា​សម្រុក​ចូលក្នុង​វិមាន​សភា រួម​នឹង​អគារ​សំខាន់​នានា​របស់​រដ្ឋាភិបាល​នៅ រដ្ឋធានី នាំឱ្យ​កម្លាំង​ប៉ូលិស​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​ទប់ទល់។

ហ្វូង​បាតុករ​ដែលមាន​ប្រៀប​ជាង​កម្លាំង​ប៉ូលិស កាលពី​ថ្ងៃទី 08 មករា បាន​បំបែក​ទ្វារ និង​បង្អួច​ដើម្បី​ចូលទៅក្នុង​វិមាន​សភា ហើយ​វាយបំផ្លាញ​ការិយាល័យ​របស់​តំណាងរាស្ត្រ។

អំពើហិង្សា​បាន​ផ្ទុះឡើង​នៅពេល​ហ្វូង​បាតុករ​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល វ័យ 67 ឆ្នាំ លោក Bolsonaro។ លោក Bolsonaro កាលពី​ខែតុលា 2022 បាន​បរាជ័យ​នៅ​ចំពោះមុខ​គូប្រជែង Luiz Inacio Lula da Silva ក្នុង​ការបោះ ដោយ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ 49.1% ទល់នឹង 50.9%។ លោក Bolsonaro មិន​ព្រម​ចាញ់ ប៉ុន្តែ​ក៏​មិនបាន​រារាំង​ដំណើរការ​ប្រគល់​អំណាច​ឱ្យ​លោក Lula។

មិន​ត្រឹមតែ​បាន​រំលោភ​ចូលទៅក្នុង​វិមាន​សភា​នោះទេ ក្រុមបាតុករ​ថែមទាំង​បាន​សម្រុកចូល​វិមាន​ប្រធានាធិបតី និង​ទីស្នាក់ការ​របស់​តុលាការ​កំពូល​ទៀតផង។ ក្រុមបាតុករ​ឱ្យដឹងថា ពួកគេ​ចង់ឱ្យ​អាជ្ញាធរ​ប្រេ​ស៊ី​ល ពិនិត្យឡើងវិញ​នូវ «ការបោះឆ្នោត​ដែលមាន​ការលួចបន្លំ»។

លោក Lula បាន​ចោទថា លោក Bolsonaro គឺជា​អ្នក​នៅ​ពីក្រោយ​អំពី​ហិង្សា​នេះ។ «ពួកគេ​បានធ្វើ​នូវ​រឿង​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ» លោក Lula ថ្លែង​ដូច្នេះ និង​បន្តថា អ្នក​ទាំងឡាយ​ដែល​ប្រព្រឹត្ត​អំពើ​នេះ​នឹង​ត្រូវបាន​​ដាក់ទោស​តាមច្បាប់។

អំពើហិង្សា​ខាងលើនេះ​បាន​នាំឱ្យមាន​ការរិះគន់ និង​ថ្កោលទោស​ជា​បន្ត​បន្ទាប់ពី​សហគម​ន៍​អន្តរជាតិ ក្នុងនោះ​មាន​ទាំង​មេដឹកនាំ​របស់ សហរដ្ឋ​អាម៉េរិក សហភាព​អឺរ៉ុប ជាដើម។ល។

អំពើហិង្សា​នេះ​កំពុងតែ​បង្ក​ឧបសគ្គ​ចំពោះ​លោក Lula ដែល​ទើបតែ​បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​កាលពី​ថ្ងៃទី 01 មករា 2023 និង​បាន​សន្យាថា នឹង​បង្រួបបង្រួម​ជាតិ​ដែល​កំពុង​ត្រូវបាន​បំបែកបំបាក់​ដោយ​លទ្ធិ​ប្រជា​កល​និយម (Populism) របស់​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល Bolsonaro៕

Leave a Reply

Your email address will not be published. Required fields are marked *