យោងតាមអាជ្ញាធរគ្រប់គ្រងអាកាសចរណ៍ថៃ (CAAT) ប្រទេសនេះនឹងតម្រូវឱ្យភ្ញៀវអន្តរជាតិបង្ហាញកាតចាក់វ៉ាក់សាំងកូវីដ-19 គ្រប់គ្រាន់ មុនពេលអនុញ្ញាតឱ្យចូលទឹកដីនេះ ដោយសារតែជឿថា នឹងមានភ្ញៀវចិនចូលមកបន្ថែមទៀត។
អ្នកនាំពាក្យរបស់ រាជរដ្ឋាភិបាលថៃ Traisuree Taisaranakul កាលពីថ្ងៃទី 08 មករា បានឱ្យដឹងថា ជើងហោះហើរពាណិជ្ជកម្មដំបូងពី ប្រទេសចិន មកកាន់ ប្រទេសថៃ របស់ Xiamen Airlines នឹងធ្វើដំណើរពីតំបន់ Xiamen មកកាន់ បាងកក នៅថ្ងៃទី 09 មករា ដោយដឹកអ្នកដំណើរចំនួន 286 នាក់។
ដើម្បីត្រៀមសម្រាប់ការទទួលភ្ញៀវពី ប្រទេសចិន ឡើងវិញ CAAT បញ្ជាក់ថា ចាប់ពីថ្ងៃទី 09 មករា ភ្ញៀវអន្តរជាតិទាំងអស់ដែលចូលមក ប្រទេសថៃ នឹងត្រូវបានស្នើឱ្យបង្ហាញកាតចាក់វ៉ាក់សាំងកូវីដ-19 គ្រប់គ្រាន់។ បើសិនមិនមានកាត់ចាក់វ៉ាក់សាំង ពួកគេនឹងត្រូវតម្រូវឱ្យបញ្ជាក់ថា ខ្លួនបានជាពីជំងឺកូវីដ-19 ក្នុងរង្វង់ 6 ខែ។
ចំពោះភ្ញៀវដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-19 គ្រប់គ្រាន់ ពួកគេត្រូវតែបង្ហាញលិខិតបញ្ជាក់សុខភាពដែលបកស្រាយអំពីមូលហេតុដែលខ្លួនមិនទាន់បានចាក់វ៉ាក់សាំង នេះបើតា Reuters។
បច្ចុប្បន្ន CAAT ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នឹងទទួលខុសត្រូវក្នុងការពិនិត្យលិខិតស្នាមនានាមុនពេលភ្ញៀវឡើងយន្តហោះ។ ក្រសួងសុខាភិបាលថៃ ឱ្យដឹងថា ភ្ញៀវបរទេសមកកាន់ ប្រទេសថៃ ពីប្រទេសមួយដែលតម្រូវឱ្យបញ្ជាក់លទ្ធផលធ្វើតេស្ត RT-PCR អវិជ្ជមាន ត្រូវបង្ហាញបន្ថែមនូវលិខិតបញ្ជាក់ការធានារ៉ាប់រងសម្រាប់ការព្យាបាលជំងឺកូវីដ-19 មុននឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃ។
ក្រៅពីនេះ រាល់សំណើទាក់ទងនឹងការឆ្លងដែនចូលមកប្រទេសថៃ នឹងមិនត្រូវបានអនុវត្តឡើយ ចំពោះអ្នកដំណើរដែលមានលិខិតឆ្លងដែនថៃ ឬភ្ញៀវដែលគ្រាន់តែធ្វើដំណើរឆ្លងកាត់ប្រទេសនេះ។
ចំពោះសុពលភាពវិញ CAAT ឱ្យដឹងថា នឹងបន្តអនុវត្តគោលការណ៍ខាងលើយ៉ាងតិចត្រឹមចុងខែមករា 2023 ដើម្បីត្រៀមទទួលភ្ញៀវពី ប្រទេសចិន ក្រោយពីប្រទេសនេះបើកទ្វារព្រំដែនជាផ្លូវការចាប់ពីថ្ងៃទី 08 មករា 2023។ ការតម្រូវឱ្យភ្ញៀវបរទេសបង្ហាញកាត់ចាក់វ៉ាក់សាំងកូវីដ-19 ត្រូវបានរដ្ឋាភិបាលថៃ លុបចោលតាំងពីខែតុលា 2022 ហើយទើបតែចាប់ផ្ដើមអនុវត្តឡើងវិញ ក្រោយពី ប្រទេសចិន បានបន្ធូរបន្ថយគោលការណ៍ Zero-Covid និងបើកទ្វារព្រំដែនជាថ្មី៕