Skip to content

អំពើហិង្សា​នៅ​សភា​​​ប្រេ​ស៊ី​ល ត្រូវបាន​​ក្រុម​មេដឹកនាំពិភពលោក​​​​ថ្កោលទោស

​បណ្ដា​មេដឹកនាំ​ពិភពលោក បាន​រិះគន់​ទៅលើ​ហ្វូងមនុស្ស​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល Bolsonaro ដែល​បាន​សម្រុកចូល​វិមាន​សភា និង​បាន​ហៅ​ករណី​​នេះ​ថា ​ជា​អំពើ​​ហិង្សា​ជ្រុលនិយម។

ហ្វូងមនុស្ស​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល Jair Bolsonaro កាលពី​ថ្ងៃទី 08 មករា 2023 បាននាំគ្នា​សម្រុកចូល​វិមាន​សភា វិមាន​ប្រធានាធិបតី និង​តុលាការ​កំពូល​របស់​ប្រទេស​នេះ បង្កឱ្យមាន​អំពើហិង្សា​កើតឡើង។ ប្រហែល 3 ម៉ោង​បន្ទាប់ពី​មាន​ព័ត៌មាន​បឋម​ស្ដីពី​ករណី​ខាងលើ កងកម្លាំង​សន្តិសុខ​របស់ ​ប្រេ​ស៊ី​ល បាន​គ្រប់គ្រង​អគារ​ទាំង​នេះ។ ប៉ូលិស​បាន​និយាយថា បានធ្វើការ​ចាប់ខ្លួន 170 លើក។

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បាន​ថ្កោលទោស​ចំពោះ​ករណី​វាយប្រហារ​ដែល​លោក​អធិប្បាយ​ថា «មិន​អាច​​ទទួល​យក​បាន» ព្រមទាំង​បាន​សម្ដែង​ការគាំទ្រ​ចំពោះ​អាជ្ញាធរ​របស់​ប្រធានាធិបតី​ថ្មី​នេះ​ ប្រទេស​ប្រេ​ស៊ី​ល លោក Luiz Inacio Lula da Silva ផងដែរ។

«ខ្ញុំ​ថ្កោលទោស​ករណី​វាយប្រហារ​សំដៅលើ​របប​ប្រជាធិបតេយ្យ និង​ដំណើរការ​នៃ​ការប្រគល់អំណាច​ដោ​យ​ស​ន្តិ​វិធី​នៅ ប្រេ​ស៊ី​ល។ យើង​គាំទ្រ​ទាំងស្រុង​ចំពោះ​របប​ប្រជាធិបតេយ្យ​នៅ ប្រេ​ស៊ី​ល ហើយ​មិន​អនុញ្ញាតឱ្យ​អ្នកណា​មួយ​ធ្វើឱ្យ​ចុះខ្សោយ​គោល​គំនិត​របស់​ប្រជាជន​ប្រេ​ស៊ី​ល។ ខ្ញុំ​សង្ឃឹមថានឹង​បាន​បន្ត​កិច្ចសហការ​ជាមួយ​ប្រធានាធិបតី Lula» លោក បៃ​ដិ​ន សរសេរ​ដូច្នេះ។

ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក៏បាន​បង្ហោះ​សារ​នៅលើ​​បណ្ដាញ​សង្គម សម្ដែង​ការគាំទ្រ​ចំពោះ​ថ្នាក់ដឹកនាំ​ថ្មី​របស់ ប្រេ​ស៊ី​ល និង​អះអាងថា ត្រូវតែ​គោរព «គោល​គំនិត​របស់​ប្រជាជន​ប្រេ​ស៊ី​ល រួម​នឹង​របប​ប្រជាធិបតេយ្យ»។

ប្រធានាធិបតី​ស៊ី​លី លោក កា​ព្រី​យ៉ែ​ល បូ​រិច ក៏​រិះគន់ថា នេះ​គឺជា «ការវាយប្រហារ​ដ៏​ថោកទាប​សម្ដៅលើ​របប​ប្រជាធិបតេយ្យ» និង​សង្កត់ធ្ងន់ថា អាជ្ញាធរ​របស់​ប្រធានាធិបតី Lula មានការ​គាំទ្រ​ពេញទំហឹង​ពី ប្រទេស​ស៊ី​លី។

ក្រៅពីនេះ​ក៏​នៅមាន​មន្ត្រីកំពូលៗជាច្រើនរូប​របស់ សហភាព​អឺរ៉ុប និង​មន្ត្រីជាន់ខ្ពស់​នានា​របស់ សហរដ្ឋ​អាម៉េរិក ជាដើម បានធ្វើការ​រិះគន់​ចំពោះ​ករណី​នៅ ប្រេ​ស៊ី​ល នេះដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *