រាជធានីតូក្យូ របស់ ប្រទេសជប៉ុន នឹងផ្ដល់ប្រាក់សំណងដល់ពលរដ្ឋទាំងឡាយណាដែលយល់ព្រមចាកចេញពីទីក្រុង ដោយយោងទៅតាមការកំណត់ថ្មីដែលនឹងមានសុពលភាពចាប់ពីខែមេសា 2023។
ដើម្បីកាត់បន្ថយសម្ពាធនៃចំនួនប្រជាជននៅ 23 ខណ្ឌក្នុងរាជធានីតូក្យូ រាជរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា នឹងផ្ដល់ជំនួយ 5 លានយ៉េន (37,700 ដុល្លារអាម៉េរិក) ដល់គ្រួសារទាំងឡាយណាដែលយល់ព្រមរើពីរដ្ឋធានីទៅរស់នៅ និងធ្វើការរកស៊ីនៅកន្លែងដទៃ។
យោងតាមគោលនយោបាយខាងលើ គ្រួសារនីមួយៗនឹងទទួលបានសំណង ឬជំនួយ 1 លានយ៉េន (7,550 ដុល្លារអាម៉េរិក) សម្រាប់សមាជិកដែលមានអាយុក្រោម 18 ឆ្នាំ។ បើសិនគ្រួសារមួយមានកូន 2 នាក់អាយុក្រោម 18 ឆ្នាំ ចាកចេញពី តូក្យូ និងបើកអាជីវកម្មមួយនៅលំនៅថ្មី ពួកគេនឹងទទួលបានកញ្ចប់ជំនួយឡើងដល់ 5 លានយ៉េន។
បច្ចុប្បន្ន នៅទូទាំងប្រទេសជប៉ុន មានភូមិ និងទីរួមស្រុកប្រហែល 1,300 បានចុះឈ្មោះទទួលយកអ្នកដែលចង់ចាកចេញពី តូក្យូ។
រាជធានីតូក្យូ មានប្រជាជនប្រហែល 35 លាននាក់ ស្មើនឹង 28% នៃប្រជាជនសរុបនៅ ជប៉ុន និងជាតំបន់ទីក្រុងដែលមានមនុស្សច្រើនជាងគេលើពិភពលោក។ ចំណែកនៅទីរួមស្រុក និងភូមិឋាននៅជនបទ មិនមានមនុស្សច្រើន ក្រុមហ៊ុន សហគ្រាសតែងតែខ្វះបុគ្គលិក និងអតិថិជន។
តាមការប៉ាន់ស្មាន ចំនួនផ្ទះដែលមិនមានមនុស្សរស់នៅក្នុងប្រទេសជប៉ុន នឹងកើនដល់ប្រហែល 10 លានខ្នងនៅក្នុងឆ្នាំនេះ៕