ក្មេងប្រុសរងគ្រោះ Thai Ly Hao Nam ដែលបានជាប់ 4 ថ្ងៃនៅក្នុងបំពង់សសរបេតុងក្រោមដីជម្រៅ 35 ម៉ែត្រ នៅក្នុងការដ្ឋានសាងសង់ស្ពានមួយកន្លែងនៅភាគខាងត្បូងប្រទេសវៀតណាម បានស្លាប់ហើយ ក្រោយការរត់ប្រណាំងនឹងពេលវេលារបស់ក្រុមសង្គ្រោះ។
យោងតាមសារព័ត៌មាន VNexpress ដំណឹងអាក្រក់នេះត្រូវបានបញ្ជាក់ដោយអភិបាលរងខេត្ត Dong Thap កាលពីវេលាម៉ោង 18 និង 31 នាទីថ្ងៃទី 04 មករា 2022 នៅកន្លែងកើតហេតុ។
មកដល់អំឡុងពេលនោះ ក្រុមសង្គ្រោះបានចំណាយពេលជិត 100 ម៉ោងក្នុងការជួយសង្គ្រោះ ប៉ុន្តែមិនបានជោគជ័យ។ បំពង់សសរបេតុងប្រវែង 35 ម៉ែត្រ ដែលក្មេងរងគ្រោះកំពុងជាប់ខាងក្នុងនោះ មិនទាន់ត្រូវបានដកឡើងពីក្រោមដីនៅឡើយ។
ករណីធ្លាក់ក្មេងចូលបំពង់សសរបេតុងខាងលើនេះបានកើតឡើងកាលពីម៉ោងប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ មុនពេលកើតហេតុ ក្មេងរងគ្រោះមានឈ្មោះថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និងក្មេង 3 នាក់ទៀត បានចូលក្នុងការដ្ឋានសាងសង់ស្ពានមួយកន្លែងដើម្បីរើសអេតចាយ។ ប៉ុន្តែ Hao Nam ក៏បានធ្លាក់ទៅក្នុងបំពង់សសរបេតុងប្រហែលដែលត្រូវបានដាំទៅក្នុងដីជម្រៅប្រហែល 35 ម៉ែត្រ។