មេដឹកនាំស្ថាប័នអនុវត្តច្បាប់របស់ កោះតៃវ៉ាន់ ឱ្យដឹងថា អាជ្ញាធរមានផែនការផ្ដល់អាំងប៉ាវជាសាច់ប្រាក់ 6,000 ដុល្លារតៃវ៉ាន់ សម្រាប់ប្រជាជនគ្រប់រូបនៅលើកោះនេះ នៅក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ។
«ឆ្នាំនេះ សមិទ្ធផលសេដ្ឋកិច្ចនឹងត្រូវបានចែករំលែកជូនប្រជាជនគ្រប់រូប ទាំងក្មេងទាំងចាស់» លោក Su Zhenchang មេដឹកនាំស្ថាប័នអនុវត្តច្បាប់របស់ តៃវ៉ាន់ ប្រកាសនាថ្ងៃនេះដូច្នេះ។ «យើងខ្ញុំមានបំណងជូនពរគ្រប់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំចិន»។
លោក Su Zhenchang ថ្លែងថា ជាសរុប ទឹកប្រាក់ 140 ពាន់លានដុល្លារតៃវ៉ាន់ (ជាង 4.5 ពាន់លានដុល្លារអាម៉េរិក) ជាផ្នែកមួយដែលបានពីពន្ធដារ គ្រោងនឹងត្រូវបានចែកក្នុងទម្រង់សាច់ប្រាក់ជូនដល់ប្រជាជន។ ប្រជាជនតៃវ៉ាន់ម្នាក់ៗនឹងទទួលបានអាំងប៉ាវ 6,000 ដុល្លារតៃវ៉ាន់ (ប្រហែល 195 ដុល្លារអាម៉េរិក) ប៉ុន្តែ លោក Su Zhenchang មិនបានបញ្ជាក់ថា នឹងផ្ដល់អាំងប៉ាវនេះតាមរយៈធនាគារ ឬដោយផ្ទាល់ដៃនោះទេ។
គម្រោងចែកអាំងប៉ាវ (红包 – (Hongbao) ដែលភាសាចិនកាតាំង ហៅថា 利是(laishi) មានន័យថា ស្រោមសំបុត្រក្រហម) ខាងលើនេះទំនងជានឹងត្រូវបានសភាតៃវ៉ាន់អនុម័ត ព្រោះថា គណបក្សប្រជាធិបតេយ្យជឿនលឿនកំពុងកាន់អំណាច មានសំឡេងភាគច្រើន។
សេដ្ឋកិច្ចតៃវ៉ាន់ ដែលអាស្រ័យច្រើនទៅលើការនាំចេញ មានកំណើន 6.45% ក្នុងឆ្នាំ 2021 លឿនបំផុតក្នុងអំឡុងជាងមួយទសវត្សរ៍កន្លងមកនេះ។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចតៃវ៉ាន់ ត្រូវបានព្យាករថា បន្ថយល្បឿននៅឆ្នាំ 2022 និង 2023។ ឆ្នាំ 2023 ធនាគារជាតិតៃវ៉ាន់ ព្យាករថា ផលិតផលសរុបក្នុងស្រុក (GDP) របស់កោះនេះនឹងមានកំណើន 2.53%៕