ឈានចូលដល់ថ្ងៃទី 5 នៃការសង្គ្រោះ បំពង់សសរបេតុងដែលបានដាំក្នុងដីជម្រៅ 35 ម៉ែត្រ ដែលមានក្មេងរងគ្រោះកំពុងជាប់នៅខាងក្នុង នឹងត្រូវបានទាញ ដកឡើងនៅវេលាម៉ោង 09 ថ្ងៃទី 04 មករា 2023 នេះ។
វេលាម៉ោង 07 និង 45 នាទីព្រឹកថ្ងៃទី 04 មករា 2022 សមាជិកម្នាក់ក្នុងគណៈបញ្ជាការសង្គ្រោះបានឱ្យដឹងថា ការទាញ ដកសសរបេតុងប្រហោងក្នុងពីដី នឹងស៊ីពេលអស់ប្រហែល 2 ម៉ោង។ ក្រោយពីសសរនេះត្រូវបានទាញផុតពីដី កម្លាំងសង្គ្រោះនឹងកំណត់ទីតាំងរបស់ក្មេងរងគ្រោះដែលកំពុងជាប់នៅក្នុងសសរនេះ រួចហើយកាត់សសរយកក្មេងនេះចេញមកក្រៅ។
បច្ចុប្បន្ន ក្រុមសង្គ្រោះបានបាញ់សម្អាតដីចុងក្រោយនៅក្នុងបំពង់ដែកថែបដែលព័ទ្ធពីក្រៅបំពង់សសរបេតុងរួចហើយ។ តាមផែនការ នៅពេលក្បាលដែកខួងចូលដល់ជម្រៅ 27 ម៉ែត្រ ក្រុមសង្គ្រោះនឹងរឹតខ្សែកាបទៅលើសសរបេតុង ដើម្បីទាញ ដកឡើងមកលើ។
ករណីធ្លាក់ក្មេងចូលបំពង់សសរបេតុងខាងលើនេះបានកើតឡើងកាលពីម៉ោងប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ មុនពេលកើតហេតុ ក្មេងរងគ្រោះមានឈ្មោះថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និងក្មេង 3 នាក់ទៀត បានចូលក្នុងការដ្ឋានសាងសង់ស្ពានមួយកន្លែងដើម្បីរើសអេតចាយ។ ប៉ុន្តែ Hao Nam ក៏បានធ្លាក់ទៅក្នុងបំពង់សសរបេតុងប្រហែលដែលត្រូវបានដាំទៅក្នុងដីជម្រៅប្រហែល 35 ម៉ែត្រ។
ប្រហែលកន្លះម៉ោងក្រោយពីកុមារនេះបានជួបគ្រោះថ្នាក់ កម្លាំងសង្គ្រោះក៏បានទៅដល់កន្លែងកើតហេតុ និងចាប់ផ្ដើមដំណើរការជួយសង្គ្រោះ៕