ក្រោយរយៈពេល 5 ថ្ងៃនៃការជួយសង្គ្រោះក្មេងប្រុសវ័យ 10 ឆ្នាំ ដែលធ្លាក់ចូលបំពង់សសរបេតុង មិនទាន់មានលទ្ធផលនៅឡើយ ប៉ុន្តែ ក្រុមសង្គ្រោះបានចាប់ផ្ដើមធ្វើតេស្តលើការកំណត់ទីតាំងរបស់ក្មេងរងគ្រោះ និងកាត់សសរបេតុង ខណៈដំណាក់កាលចុងក្រោយជិតចូលមកដល់។
យប់ថ្ងៃទី 03 មករា ក្រុមសង្គ្រោះបានធ្វើការជាបន្តបន្ទាប់ និងយ៉ាងដុតដៃដុតជើង។ វេលាម៉ោង 21 ម្សិលមិញ ក្រុមសង្គ្រោះបានយកឧបកណ៍សង្គ្រោះសម្រាប់ជំហានបន្ទាប់ មកសាកល្បងការកំណត់ទីតាំងរបស់ក្មេង និងកាត់បំពង់សសរបេតុង។ ម៉ោងជាង 23 កម្លាំងសង្គ្រោះបានបាញ់ទឹកជម្រះដីរឹងដែលជាប់នៅជុំវិញសសរនៅក្រោមដីដែលត្រូវបានអមដោយបំពង់ដែកថែបពីខាងក្រៅ។
អាជ្ញាធរវៀតណាម មិនទាន់បញ្ជាក់អំពីជម្រៅក្បែលដែកខួងបានទៅដល់ ប៉ុន្តែ ក្រុមសង្គ្រោះកំពុងធ្វើការរត់ប្រណាំងនឹងពេលវេលា។
ករណីធ្លាក់ក្មេងចូលបំពង់សសរបេតុងខាងលើនេះបានកើតឡើងកាលពីម៉ោងប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ មុនពេលកើតហេតុ ក្មេងរងគ្រោះមានឈ្មោះថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និងក្មេង 3 នាក់ទៀត បានចូលក្នុងការដ្ឋានសាងសង់ស្ពានមួយកន្លែងដើម្បីរើសអេតចាយ។ ប៉ុន្តែ Hao Nam ក៏បានធ្លាក់ទៅក្នុងបំពង់សសរបេតុងប្រហែលដែលត្រូវបានដាំទៅក្នុងដីជម្រៅប្រហែល 35 ម៉ែត្រ។
ប្រហែលកន្លះម៉ោងក្រោយពីកុមារនេះបានជួបគ្រោះថ្នាក់ កម្លាំងសង្គ្រោះក៏បានទៅដល់កន្លែងកើតហេតុ និងចាប់ផ្ដើមដំណើរការជួយសង្គ្រោះ៕