បច្ចុប្បន្ន លើពិភពលោកមានការលើកទឹកចិត្ត និងការបញ្ចុះអត្រាពន្ធជាច្រើនដើម្បីជួយឱ្យយានយន្តអគ្គិសនីមានតម្លៃទាបជាងមុន ប៉ុន្តែ ថ្មីៗនេះ ប្រទេសអ៊ូហ្កង់ដា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនៅពេលប្រកាសចែកម៉ូតូអគ្គិសនីដល់ពលរដ្ឋដោយមិនគិតថ្លៃ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុងឆ្នាំ ប្រធានាធិបតីរបស់ សាធារណរដ្ឋអ៊ូហ្កង់ដា លោក Yoweri Kaguta Museveni ប្រកាសថា នឹងមានការចែកម៉ូតូអគ្គិសនីជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ ការចែកជូននេះនឹងត្រូវបានធ្វើឡើងក្នុងទម្រង់ដោះដូរសម្រាប់អ្នកដែលកំពុងប្រើប្រាស់ម៉ូតូម៉ាស៊ីនចំហេះក្នុង។
រដ្ឋាភិបាលអ៊ូហ្កង់ដា នឹងមិនមែនជាអ្នកផ្ដល់ជំនួយដោយផ្ទាល់សម្រាប់កម្មវិធីនេះទេ។ «យើងបានព្រមព្រៀងគ្នាជាមួយនឹងអ្នកវិនិយោគមួយចំនួនស្ដីពី «ការបោះបង់ម៉ូតូសាំង និងងាកទៅប្រើម៉ូតូអគ្គិសនី»។ ការដោះដូរនេះនឹងជួយឱ្យអ្នកប្រើប្រាស់អាចកាត់បន្ថយការចំណាយបាន 50%។
អ្នកវិនិយោគទាំងនោះនឹងទទួលបានអាជ្ញាប័ណ្ណសម្រាប់ដំណើរការស្ថានីយបញ្ចូលថាមពលអគ្គិសនី និងស្ថានីយប្ដូរថ្ម ដើម្បីឱ្យពួកគេរកចំណូលត្រលប់មកវិញ។
ម៉ូតូអគ្គិសនីដែលយកមកប្ដូរគឺជាប្រភេទអាចរត់ឌុបបាន និងជាម៉ូតូដែលផលិតនៅ អ៊ូហ្កង់ដា ហើយមានតម្លៃប្រហែល 5 លានស៊ីលីងអ៊ូហ្គង់ដា ប្រហែលនឹង 1,350 ដុល្លារអាម៉េរិក។
ក្រៅពីផលប្រយោជន៍ផ្នែកបរិស្ថាន ម៉ូតូអគ្គិសនីក៏ជួយដល់អ្នករត់ឌុបឯករាជ្យផងដែរ ដោយសារតែការចំណាយលើការបញ្ចូលអគ្គិសនីមានកម្រិតទាបជាងម៉ូតូសាំង៕