Skip to content

ប្រធាន FIFA ដាក់សំណើ​ថា «គ្រប់​ប្រទេស​ត្រូវតែមាន​កីឡដ្ឋាន​មួយ​ដែលមាន​ឈ្មោះ Pele»

ប្រធាន FIFA លោក Gianni Infantino ធ្លាប់បាន​លើកឡើង​គំនិត​មួយចំនួន​ដែល​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង ហើយថ្មីៗនេះ លោក​ក៏បាន​ស្នើឱ្យ​ប្រទេស​ទាំងអស់ ត្រូវមាន​កីឡដ្ឋាន​មួយ​ដែលមាន​ឈ្មោះ Pele អតីត​ស្ដេច​បាល់ទាត់​ពិភពលោក ដែល​ទើបបាន​ទទួលមរណភាព​កាលពី​ចុងឆ្នាំ​កន្លង។

ប្រទេស​ប្រេ​ស៊ី​ល កំពុងកាន់​ទុក្ខ បន្ទាប់ពី​លោក Pele (Edson Arantes do Nascimento) បានទទួល​មរណភាព​ក្នុង​វ័យ 82 ឆ្នាំ។ កាលពី​ថ្ងៃទី 02 មករា 2023 ទីក្រុង Santos ជា​កន្លែង​ដែល​លោក Pele ចំណាយពេល​ប្រកួត​ពេញ​មួយ​អាជីព​របស់គាត់ បាន​ប្រារព្ធ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​ពិសេស​ដែល​អូសបន្លាយ​ពេល​ពេញ​មួយថ្ងៃ​ដើម្បី​ជាការ​គោរព​ដល់​សព​លោក Pele ក្នុងនោះ​ក៏មាន​ការចូលរួម​រប​ស់​ប្រធាន FIFA លោក Gianni Infantino ផងដែរ។

«យើង​នៅទីនេះ​ក្នុង​ក្ដី​សោកសៅយ៉ាង​​ធំធេង។ Pele គឺជា​អមតៈ ជា​និមិត្តរូប​សកល​មួយ​របស់​បាល់ទាត់។ មនុស្ស​ជំនា​ក់​ក្រោយ​ត្រូវតែ​ស្គាល់ និង​ចងចាំ​ឈ្មោះ Pele» លោក Gianni Infantino ថ្លែង​ដូច្នេះ និង​បន្ត «FIFA នឹង​ស្នើ​ដល់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ត្រូវយក​ឈ្មោះ Pele ដើម្បី​ដាក់ឱ្យ​កីឡដ្ឋាន​មួយ​របស់​ពួកគេ»។

គំនិត​របស់លោក Gianni Infantino នេះ ក៏បាន​ធ្វើឱ្យ​មានមតិ​ច​ម្រូ​ង​ចម្រាស​ច្រើន។ គេ​ដឹង​ហើយ​ថា Pele មាន​ឥទ្ធិពល​ធំធេង ប៉ុន្តែ​ការតម្រូវ​ឱ្យ​គ្រប់​ប្រទេស​ត្រូវមាន​កីឡដ្ឋាន​មួយ​ដែលមាន​ឈ្មោះ Pele គឺមាន​លក្ខណៈ​បង្ខិតបង្ខំ​បន្តិច​ហើយ។

ក្រោយពី​ទទួលមរណភាព ទីស្នាក់ការ​កណ្ដាល​រប​ស់ FIFA នៅ​ទីក្រុង Zurich របស់ ស្វ៊ី​ស បាន​បង្ហូត​ទង់​ពាក់​កណ្ដាល​ដង​ដើម្បី​សម្ដែង​ការគោរព​សោកស្ដាយ​ចំពោះសព​អតីត​​កីឡាករ​ដែល​ត្រូវបាន​ចាត់ទុកថា ឆ្នើម​ជាងគេ​បង្អស់​ក្នុង​សតវត្សរ៍​ទី 20។ នៅឯ Santos វិញ មឈូស​របស់​សព​លោក Pele ត្រូវបាន​កូនប្រុស Edinho និង​ក្រុម​អតីត​កំពូល​កីឡាករ​របស់​ក្លឹប Santos ដង្ហែ​ទៅកាន់​ព្រលាន​បាល់ទាត់ Vila Belmiro នៅ​ព្រឹក​ថ្ងៃទី 02 មករា 2023។ តាំងពី​ដំបូង អ្នកគាំទ្រ​រាប់ពាន់នាក់​បាន​ទៅកាន់​ទីតាំង​តម្កល់សព​ដើម្បី​មើលមុខ​ស្ដេច​បាល់ទាត់​ជា​លើកចុងក្រោយ។

តាម​គម្រោង ពិធី​ហែ​សព​លោក Pele នឹងធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​សំខាន់​ក្នុង​ទីក្រុង Santos មុនពេល​ធ្វើ​ពិធី​បញ្ចុះសព​នៅ​ថ្ងៃទី 03 មករា​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *