(ប៉ាគីស្ថាន)- បេក្ខជន បេក្ខនារីប្រមាណ 32,000 នាក់ អង្គុយពេញណែនលើកន្លែងសម្រាប់ទស្សនិកជននៅក្នុងកីឡដ្ឋាន Jinnah កាលពីថ្ងៃចុងឆ្នាំ ដើម្បីចូលរួមសម័យប្រលងចូលបម្រើការនៅក្នុងជួរប៉ូលិសរបស់ អ៊ីស្លាម៉ាបាដ។
សារព័ត៌មាន Hidustan Times កាលពីថ្ងៃទី 02 មករា 2023 ដកស្រង់សម្ដីរបស់ប៉ូលិសនៅ អ៊ីស្លាម៉ាបាដ ឱ្យដឹងថា បេក្ខជនប្រុសស្រីយ៉ាងតិច 32,000 នាក់ មកពីគ្រប់ទិសទីរបស់ប្រទេសប៉ាគីស្ថាន បានមកកាន់កីឡដ្ឋាន Jinnah កាលពីថ្ងៃទី 31 ធ្នូ 2022 ដើម្បីចូលរួមសម័យប្រលងជ្រើសរើសតំណែងនានាចំនួន 1,667 កន្លែងក្នុងជួរប៉ូលិស។
វីដេអូ និងរូបភាពដែលត្រូវបានគេចែករំលែកលើបណ្ដាញសង្គមបង្ហាញថា កន្លែងទស្សនិកជនរបស់កីឡដ្ឋាន Jinnah ដែលធំជាងគេនៅ ប៉ាគីស្ថាន ពេញណែនដោយមនុស្ស។ បេក្ខភាពទាំងអស់អង្គុយប្រលង ក្រោមការត្រួតពិនិត្យរបស់មន្ត្រីនគរបាល។
ក្នុងជួរនគរបាលនៅ អ៊ីស្លាម៉ាបាដ នៅខ្វះមុខតំណែងជាច្រើនក្នុងអំឡុង 5 ឆ្នាំកន្លង ហើយសម័យប្រលងកន្លងមកមិនទទួលបានការចាប់អារម្មណ៍ច្រើនពីយុវវ័យប៉ាគីស្ថាន។ មូលហេតុដែលនាំឱ្យមានបេក្ខភាពច្រើនលើសលុបចូលរួមប្រលងនៅឆ្នាំនេះ ត្រូវបានគេយល់ថា ដោយសារបញ្ហាអត់ការងារធ្វើមានអត្រាខ្ពស់ ពិសេសក្នុងចំណោមយុវវ័យប៉ាគីស្ថាន ក្នុងអំឡុងសេដ្ឋកិច្ចមានឱនភាព។
យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចអភិវឌ្ឍប៉ាគីស្ថាន (PIDE) យុវវ័យជាង 31% កំពុងគ្មានការងារធ្វើ ក្នុងនោះមាន 51% គឺជានារី។ ការប្រលងជាប់ចូលបម្រើការនៅក្នុងស្ថាប័នប៉ូលិស នឹងជួយឱ្យពួកគេមានការងារស្ថិរភាពនៅក្នុងកាលៈទេសៈលំបាកដូចបច្ចុប្បន្ន។
សេដ្ឋកិច្ចរបស់ ប៉ាគីស្ថាន ប្រែជាអាក្រក់ ក្រោយពីមានគ្រោះទឹកជំនន់ដែលបានធ្វើឱ្យ 1/3 នៃផ្ទៃដីប្រទេសនេះស្ថិតក្នុងទឹកកាលពីឆ្នាំកន្លង។ ប្រទេសនេះក៏កំពុងតែប្រឈមនឹងអស្ថិរភាពនយោបាយ នៅពេលអតីតនាយករដ្ឋមន្ត្រី Inran Khan ត្រូវបានសភាបោះឆ្នោតទម្លាក់កាលពីខែមេសា 2022៕