Skip to content

​វៀតណាមកំពុង​សង្គ្រោះ​ក្មេង​ដែលធ្លាក់​ចូល​បំពង់​សសរ​បេតុង​ក្រោម​ដី​ជម្រៅ​ 35 ម៉ែត្រ​

(វៀតណាម) – ពេញ​មួយ​យប់​ថ្ងៃទី 02 មករា និង​វេលា​ទៀបភ្លឺ​ថ្ងៃទី 03 មករា 2023 កម្លាំង​សង្គ្រោះ​របស់ វៀតណាម នៅតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជួយសង្គ្រោះ​ក្មេង​ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​ប្រហោង​សសរ​បេតុង​ជម្រៅ 35 ម៉ែត្រ នៅ​ខេត្ត Dong Thap ភាគខាងត្បូង​ប្រទេស។

កម្លាំង​សង្គ្រោះ​ដែលមាន​សមាជិក​ប្រហែល 350 នាក់ ចែកជា​ច្រើន​ក្រុម ធ្វើការ​ទាំងថ្ងៃទាំងយប់ ក្នុង​គោលដៅ​ដក​បំពង់​សសរ​បេតុង​ដែល​ក្មេង​ម្នាក់​បាន​ធ្លាក់​ចូល​កាលពី​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​ 2022។

មកដល់​ម៉ោង​ជិត 03 ទៀបភ្លឺ ថ្ងៃទី 03 មករា 2023 កម្លាំង​សង្គ្រោះ​បានរៀបចំ​បំពង់​ដែក​ធំ​សម្រាប់​សកម្មភាព​ដក​ស​សរ​បេតុង​ប្រហោង​ក្នុង​ចេញពី​ដី។

គិត​ចាប់តាំងពី​មាន​ហេតុការណ៍​ក្មេង​ធ្លាក់​ចូលក្នុង​សសរ​បេតុង​ប្រហោងក្នុង មកដល់​ម៉ោង 03 ទៀបភ្លឺ​ថ្ងៃទី 03 មករា​នេះ គឺមាន​រយៈពេល​ជាង 60 ម៉ោង​ទៅហើយ ការជួយ​សង្គ្រោះ​មិនទាន់បាន​ជោគជ័យ​នៅឡើយ។

សូមបញ្ជាក់ថា ហេតុការណ៍​ធ្លាក់​ក្មេង​ខាងលើនេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី 31 ធ្នូ 2022 នៅពេល​ជនរងគ្រោះ និង​ក្មេង 3 នាក់​ផ្សេងទៀត​បាន​ចូលទៅក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​នៅ​ខេត្ត Dong Thap ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ដើម្បី​រើស​អេតចាយ។ ពេល​កំពុង​ដើរ​ក្នុង​ការដ្ឋាន ក្មេង​ម្នាក់​ក៏បាន​ធ្លាក់​ចូលទៅក្នុង​បំពង់​សសរ​បេតុង​មានមុខ​កាត់ 25 សម ដែល​បាន​ដាំ​ក្នុង​ដី​ជម្រៅ​ប្រហែល 35 ម៉ែត្រ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​នេះ។

កាលពី​ថ្ងៃទី 19 ធ្នូ 2022 ប្រទេស​វៀតណាម ក៏មាន​ករណី​ស្រដៀង​គ្នា​នេះ​កើតឡើង​ម្ដង​រួចហើយ ដែល​ហេតុការណ៍​នោះ​បានកើត​ឡើងលើ​ក្មេងស្រី​អាយុ 5 ឆ្នាំ​ម្នាក់។ ជនរងគ្រោះ​បាន​ធ្លាក់ចូល​ទៅក្នុង​រន្ធ​​តូច​មួយ​ក្នុង​ការដ្ឋាន​សំណង់ និង​ជាប់​ក្នុង​រយៈពេល​រាប់សិប​នាទី មុនពេល​ត្រូវបាន​ក្រុម​សង្គ្រោះ​ទាញ​ឡើងមក​បាន៕

ដំណើរ​ការ​សង្គ្រោះ
សសរបេតុង​ប្រហោង​ក្នុង​ជា​ប្រភេទ​សសរ​ដែល​ជន​រង​គ្រោះ​បាន​ធ្លាក់​ចូល​

 

Leave a Reply

Your email address will not be published. Required fields are marked *