Skip to content

អ្នកវិទ្យាសាស្ត្រ​រកឃើញ​ «សត្វល្អិត​​ដែល​ចូលចិត្ត​ចាប់​វីរុស​ជា​អាហារ»

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ជា​លើកដំបូង​នូវ​សត្វល្អិត ហាល់តេរី (Halteria) មួយ​ប្រភេទ​ដែល​យក​វីរុស​មក​ធ្វើជា​ចំណី។

ដោយសារតែ​វីរុស​មានមុខ​នៅ​គ្រប់​ទីកន្លែង ដូច្នេះ​សត្វ​នានា​តែង​លេប​ដោយ​ពួកវា។ ប៉ុន្តែ អ្នកស្រាវជ្រាវ John DeLong នៅ​សាកលវិទ្យាល័យ Nebraska-Lincoln មានបំណង​ស្វែងយល់ថា តើ​មាន​សត្វល្អិត​ណាមួយ​ដែល​ស៊ី​វីរុស​ជា​អាហារដែរ​ ឬ​ទេ ហើយ​ថា តើ​របប​អាហារ​នេះ​ជួយ​ដល់​ការរីកលូតលាស់​របស់​ពួកវា ឬ​អត់។

«វីរុស​កកើតឡើង​ពី​អាស៊ីត​នុយ​ក្លេ​អ៊ី​ក ដោយមាន​អាសូត និង​ផូស្វ័រ» DeLong ឱ្យដឹង​ដូច្នេះ។ «ប្រាកដ​ណាស់​ថា មាន​សត្វល្អិត​ប្រភេទ​ណាមួយ​នោះ ចេះ​ស៊ី​វីរុស​រស់»។

ដើម្បី​ជួយ​ដល់​ទ្រី​ស្តី​នេះ DeLong និង​សហការី បាន​យក​ទឹក​ពី​​បឹង រួច​បំបែក​សត្វល្អិត បាក់តេរី ចេញ​ទៅតាម​ប្រភេទ ហើយ​ដាក់វីរុស​ក្លរ៉ូ (chlorovirus) ដែលជា​វីរុស​ទឹកសាប​មាន​ជំនាញ​ក្នុងការ​បំផ្លាញ​សារាយ​បៃតង ចូលទៅក្នុង​ឧបករណ៍​ពិសោធន៍​ដែលមាន​សត្វល្អិត​ទាំង​​នោះ។ ពួកគេ​តាមដាន​បរិមាណ​វីរុស និង​បាក់តេរី​ផ្សេងទៀត​ដើម្បី​ឱ្យដឹងថា សត្វល្អិត ឬ​បាក់តេរី​ទាំងនោះ​ស៊ី​វីរុស ឬទេ។

រូប​ភាព​មីក្រូទស្សន៍​បង្ហាញ​ពី​វីរុស​ក្លរ៉ូ (chlororirus) ដែល​កំពុង​ស៊ីសារាយ

ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​រកឃើញថា សត្វល្អិត​ពិសេស​មួយ​ប្រភេទ​ហាក់​ចូលចិត្ត​ស៊ី​វីរុស​ជា​អាហារ នោះ​គឺ​សត្វល្អិត​មានឈ្មោះ​ថា ហាល់​តារី (Halteria)។ ក្នុង​សំណាក​ទឹក​ដែល​មិនមាន​ប្រភព​អាហារ​ផ្សេងទៀត​ក្រៅពី​វីរុស​ក្ល​រ៉ូ គេ​ឃើញថា បរិមាណ ហាល់​តេ​រី កើនឡើង​ប្រហែល 15 ដង ក្នុង 2 ថ្ងៃ ខណៈ​បរិមាណ​វីរុស​ក្ល​រ៉ូ បែរជា​ថយចុះ​ជិត 100 ដង។ ក្នុង​សំណាក​ទឹក​ដែល​មិនមាន​វីរុស ហាល់​តេ​រី ក៏​មិន​រីកចម្រើន។

ជំហាន​បន្ទាប់ ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​សារធាតុ​បញ្ចេញ​ពន្លឺ​ដើម្បី​ភ្ជាប់​ទៅនឹង DNA របស់​វីរុស​ក្ល​រ៉ូ។ ពួកគេ​ឃើញថា លើ​ហាល់​តេ​រី មាន​ពន្លឺ ដែល​ប្រការនេះ​​ជួយ​បញ្ជាក់ថា ហាល់​តេ​រី ពិតជា​កំពុង​រំលាយ​វីរុស​ក្នុង​ពោះ​របស់​ពួក​វា​។

របកគំហើញ​ខាងលើ​បង្ហាញថា ហាល់​តេ​រី គឺជា​សត្វល្អិត​ស៊ី​វីរុស​ជា​អាហារ​​ដំបូង​​គេ​ដែល​ត្រូវបាន​មនុស្ស​រក​​ដឹង ប៉ុន្តែ​នេះ​អាច​មិនមែនជា​ករណី​តែមួយគត់​ឡើយ។ ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​កំពុង​រៀប​គម្រោង​ស្វែងយល់​លម្អិត​ និង​ពង្រីក​វិសាល​ភាព​នៃ​ការ​ពិសោធ​​របស់​ពួក​គេ​៕

Leave a Reply

Your email address will not be published. Required fields are marked *