Skip to content

សាស្ត្រាចារ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន ហែក​សញ្ញាបត្រ​បណ្ឌិត ដើម្បី​ប្រឆាំងនឹង តា​លី​បង់

នៅក្នុងពេល​ទឹកភ្នែក​រៀបនឹង​ស្រក់ ដៃញ័រៗដោយ​ការ​ខឹងខ្លាំង សាស្ត្រាចារ្យ Mashal ក៏​ហែក​ចោល​សញ្ញាបត្រ​បណ្ឌិត​រប​ស់​ខ្លួន​នៅពេល​សម្ភាស​លើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​ប្រឆាំងនឹង​​បទបញ្ជា​របស់ របប​តា​លី​បង់ ដែល​ហាម​និស្សិត​ស្រី​រៀន​នៅ​មហាវិទ្យាល័យ។

«ចាប់ពីពេលនេះ ខ្ញុំ​លែង​ត្រូវការ​សញ្ញាបត្រ​ទាំងនេះ​ទៀតហើយ ព្រោះថា ប្រទេស​នេះ​មិនមែនជា​កន្លែង​សម្រាប់​ការអប់រំ។ ខ្ញុំ​មិន​ទទួលស្គាល់​ថ្នាល​អប់រំ​នេះ​បើសិន​ប្អូនស្រី និង​ម្ដាយ​របស់ខ្ញុំ​មិនអាច​ទៅ​រៀន» សាស្ត្រាចារ្យ Ismail Mashal ស្ថាបនិក​របស់​សាកលវិទ្យាល័យ​ឯកជន Mashal និង​បង្រៀន​នៅ​សាកលវិទ្យាល័យ​កា​ប៊ុល ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយនឹង Tolo News កាលពីដើម​សប្ដាហ៍​នេះ។

នៅក្នុង​ការផ្សាយ​ផ្ទាល់​ខាងលើ លោក Mashal បង្ហាញ​សញ្ញាបត្រ​ជាច្រើន​របស់លោក ក្នុងនោះ​មាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត និង​វិញ្ញាបនបត្រ​គរុកោសល្យ ហើយ​ហែក​ពួកវា​ជា​ពីរ ក្នុងពេល​ដៃ​របស់លោក​ញ័រ និង​ទឹកភ្នែក​រលីងរលោង។

វីដេអូ​ខាងលើ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅពេល​ត្រូវបាន Sabnam Nasimi អតីត​ទីប្រឹក្សា​គោលនយោបាយ​នៅក្នុង ​អតីត​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ចែករំលែក​លើ​បណ្ដាញ​សង្គម។

អាជ្ញាធរ​តា​លី​បង់ កាលពី​ថ្ងៃទី 20 ធ្នូ បានចេញ​បទបញ្ជា​មិន​កំណត់​ពេលវេលា ហាម​សិស្ស​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន រៀន​នៅ​មហាវិទ្យាល័យ ក្រោយ​រយៈពេល​ប្រហែល 9 ខែ​ដែល​ពួកគេ​បាន​ហាម​កុមារី​ទៅ​រៀន​នៅ​មធ្យមសិក្សា។ បទបញ្ជា​របស់ តា​លី​បង់ បានធ្វើឱ្យ​ក្ដី​ស្រមៃ​ក្នុងការ​សិក្សា​របស់​ស្ត្រី និង​ក្មេងស្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​រលាយ​អស់​​គ្មាន​សល់។

តា​លី​បង់ ថែមទាំង​បាន​ហាម​ស្ត្រី​ទៅកាន់​ឧទ្យាន ព្រឹត្តិការណ៍​ពិព័រណ៍ កន្លែង​ហាត់ប្រាណ ក៏ដូចជា​បន្ទប់​ងូតទឹក​សាធារណៈ​ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *