Skip to content

លោក បៃ​ដិ​ន អនុម័ត​កញ្ចប់​ថវិកាជាតិតម្លៃ 1.7 ទ្រី​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​បញ្ហា​រដ្ឋាភិបាល​ជាប់គាំង

ច្បាប់​ថវិកា​តម្លៃ 1.7 ទ្រី​លាន​ដុល្លារ​ដែល​ត្រូវបាន​បញ្ជូន​តាម​យន្តហោះ​ទៅឱ្យ​ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​សម្រេច​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​សេណា​រី​យ៉ោ​ស្ដីពី រដ្ឋាភិបាល​អាម៉េរិក ត្រូវ​បិទទ្វារ​នៅ​ឆ្នាំក្រោយ។

ច្បាប់​ថវិកា​ខាងលើ​ដែល​ត្រូវបាន​សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​រួចហើយ ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សេត​វិមាន នៅ​រសៀល​ថ្ងៃទី 28 ធ្នូ ដើម្បី​ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​ចុងក្រោយ ប៉ុន្តែ​ពេលនោះ លោក បៃ​ដិ​ន និង​គ្រួសារ​កំពុង​ឈប់សម្រាក​នៅ St. Croix លើ​ប្រជុំ​កោះ Virgin របស់ អាម៉េរិក ក្បែរ​តំបន់​សមុទ្រ កា​រ៉ា​ប៊ី។

បុគ្គលិក​របស់ សេត​វិមាន បាន​នាំយក​ឯកសារ​កម្រាស់ 4,000 ទំព័រ​នេះ​ទៅជូន​ដល់ដៃ​ប្រធានាធិបតី​នៅ St. Croix ហើយក៏​ត្រូវបាន​ចុះ​ហត្ថា​លេខា​កាលពី​ថ្ងៃទី 29 ធ្នូ 2022។ បើសិន​មិន​ត្រូវបាន​លោក បៃ​ដិ​ន ចុះហត្ថលេខា​យឺត​បំផុត​ត្រឹម​ថ្ងៃទី 31 ធ្នូ​នោះទេ រដ្ឋាភិបាល​អាម៉េរិក នឹងត្រូវ​បិទទ្វារ ខណៈ​ត្រូវ​រង់ចាំ​ការចាត់ចែង​ថវិកាជាតិសម្រាប់​ឆ្នាំ​ក្រោយ។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ​នៅក្នុង​ឆ្នាំនេះ ដែល​លោក បៃ​ដិ​ន ទទួល​ឯកសារ​សំខាន់​ដែល​ត្រូវការ​ចុះហត្ថលេខា​តាមផ្លូវ​អាកាស។ កាលពី​ខែឧសភា ពេល​លោក បៃ​ដិ​ន ស្ថិតនៅ អាស៊ី ជំនួយការ​របស់លោក​ក៏បាន​នាំយក​សេចក្ដីព្រាងច្បាប់​ដែល​សភា​ជាន់​ទាប​ទើបតែ​បានអនុម័ត ស្ដីពី​កញ្ចប់​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន ដែលមាន​តម្លៃ 40 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅ​ជូន​លោក​ដើម្បី​ចុះ​ហត្ថលេខា​។

កញ្ចប់​ថវិកាជាតិ​សម្រាប់​ឆ្នាំ 2023 ខាងលើ​ចែងថា ប្រា​ក់ជាង 772 ពាន់​លាន​ដុល្លារ​នឹង​ចំណាយ​សម្រាប់​កម្មវិធី​ក្រៅ​វិស័យ​ការពារជាតិ និង​ប្រហែល 858 ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារជាតិ។ ច្បាប់​នេះ​ក៏​ហាម​ការប្រើប្រាស់ TikTok នៅលើ​ឧបករណ៍​របស់​ស្ថាប័នរដ្ឋ​ផងដែរ។

កញ្ចប់​ថវិកាជាតិ​លើក​នេះ​ក៏​បន្ថែម​ប្រហែល 45 ពាន់​លាន​ដុល្លារ​សម្រាប់​ជា​ជំនួយ​បន្ទាន់​ដល់ អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​ណា​តូ។ ទន្ទឹមនឹងនេះ​ក៏មាន​ខ្ទង់​ថវិកា​សម្រាប់​លើកកម្ពស់​ប្រព័ន្ធ​បោះឆ្នោត ការពារ​ស្ត្រី​មាន​ផ្ទៃពោះ និង​កែសម្រួល​ច្បាប់​សន្សំ​សំច័យ​សម្រាប់​ការចូលនិវត្តន៍។

រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន ក៏​បង្កើន​ការចំណាយ​សម្រាប់​ដោះស្រាយ​បញ្ហា​គ្រោះធម្មជាតិ ការអប់រំ​នៅ​មហាវិទ្យាល័យ ថែទាំ​កុមារ សុខភាព​ផ្លូវចិត្ត អាហារ​សម្រាប់​អ្នកក្រីក្រ និង​បង្កើន​ការចំណាយ​សម្រាប់​ប៉ូលិស​នៅ​រដ្ឋធានី​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *