កូវ៉ែត ដែលជាប្រទេសមួយក្នុងចំណោមប្រទេសក្ដៅជាងគេលើពិភពលោក កាលពីថ្ងៃទី 28 ធ្នូ បានទទួលភ្លៀងទឹកកកដ៏កម្រ នាំឱ្យប្រជាជនសប្បាយរីករាយជាខ្លាំង។
រូបថត និងវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមបានបង្ហាញថា នៅពាសពេញដងផ្លូវនៅក្នុងខណ្ឌ Umm-al-Haiman ដែលមានចម្ងាយពី រដ្ឋធានីកូវ៉ែត ប្រហែល 50 គីឡូម៉ែត្រទៅទិសខាងត្បូង ត្រូវគ្របដណ្ដប់ដោយគ្រាប់ភ្លៀងទឹកកកសក្បុស នៅពេលព្យុះរដូវរងាធ្វើដំណើរឆ្លងកាត់តំបន់នេះកាលពីថ្ងៃពុធ។
ទិដ្ឋភាពដ៏កម្រនេះ ធ្វើឱ្យប្រជាជនក្នុងតំបន់សប្បាយរីករាយជាខ្លាំង។ ទាំងក្មេង ទាំងចាស់ នាំគ្នាចេញទៅកាន់ដងផ្លូវដើម្បីលេង និងថតរូបជាមួយនឹងគ្រាប់ទឹកកក បន្ទាប់ពីភ្លៀងរាំង។
កូវ៉ែត គឺជាប្រទេសដែលមានសីតុណ្ហភាពខ្ពស់ខ្លាំង ក្នុងនោះ រដូវក្ដៅឡើងដល់ 55 អង្សាសេ ប៉ុន្តែ ជូនកាលធ្លាក់ចុះដល់ 2 អង្សាសេនៅក្នុងរដូវរងាដ៏ខ្លី។ អ្នកវិទ្យាសាស្ត្រព្យាករថា កូវ៉ែត អនាគតនឹងក្លាយជាទីឋានដែល «មិនអាចរស់នៅបាន» ដោយសារបម្រែបម្រួលអាកាសធាតុ។
ស្ថាប័នបរិស្ថានសាធារណៈរបស់ កូវ៉ែត បានព្រមានថា តំបន់ជាច្រើនរបស់ប្រទេសនេះអាចឡើងកម្ដៅជាង 4.5 អង្សាសេបន្ថែមទៀត ចាប់ពីឆ្នាំ 2071 ដល់ឆ្នាំ 2100 ធៀបនឹងសីតុណ្ហភាពមធ្យមក្នុងប្រវត្តិសាស្ត្រ។
កូវ៉ែត កំពុងឆ្លងកាត់រដូវខ្យល់ត្រជាក់ដែលនាំឱ្យកើតមានបាតុភូតភ្លៀងទឹកកក។ បរិមាណទឹកភ្លៀងរាប់ចាប់ពីថ្ងៃទី 27 ធ្នូ បានឡើងដល់ 63 មម នេះបើតាម ស្ថាប័នឧតុនិយមកូវ៉ែត៕